(វ៉ាស៊ីនតោន)៖ អតីតនាយក​ទីប្រឹក្សាសន្តិសុខជាតិ​សេតវិមាន​ប្រចាំតំបន់​អាស៊ី លោក វិចទ័រ ឆា (Victor Cha) បានបង្ហាញ​ពីការសង្ស័យ​របស់​លោកថា កូរ៉េខាងជើងទំនង​ជានឹងមិនអាចបោះ​បង់ចោល​អាវុធនុយក្លេអ៊ែរ​ឡើយ នៅក្នុងជំនួប​កំពូលរវាងមេដឹកនាំ​កូរ៉េខាងជើង និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើ​តាមការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

លោក Victor Cha ថ្លែងបែបនេះ​នៅក្នុងបទសម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍ NBC​ កាលពី​ថ្ងៃអាទិត្យ។ លោក Cha បានគូសបញ្ជាក់​ដូច្នេះ​ថា «កាលពី ៥៦ឆ្នាំមុន កូរ៉េខាងជើង​បានចាប់ផ្ដើម​អភិវឌ្ឍន៍កម្មវិធីអាវុធ​នុយក្លេអ៊ែរ ហើយ​កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ពួកគេបាន​និយាយថា បានសម្រេច​ទាំងស្រុងនូវអ្វី​ដែលពួកគេ​ចង់បាន។ ដូច្នេះរង់ចាំមើលថា នៅបីខែបន្ទាប់​តើពួកគេអាចបោះបង់​ចោលអ្វីគ្រប់​យ៉ាងបាន ដែរ​ឬទេ? តែសម្រាប់ខ្ញុំវាមិន​អាចទៅ​រួចឡើយ...»

គួរបញ្ជាក់ថា ក្រោយមាន​ភាពតាននឹងពាក្យសម្ដី​នឹងគ្នាអស់ជាច្រើន​ថ្ងៃ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចេញ​មុខ​បញ្ជាក់ជាថ្មី​ជំនួបកំពូល​រវាង​​លោក និងលោក គីម ជុងអ៊ុន នៅតែអាច​នឹងត្រូវធ្វើឡើង​នៅថ្ងៃទី១២ ខែមិថុនា​ខាងមុខនេះ ក្នុងប្រទេស សិង្ហបុរី​ដដែល។ ប៉ុន្តែបើតាម​លោក Victor Cha អ្វីដែល​ប្រជាជនកូរ៉េខាងជើង​ចង់បាន​បំផុតនោះ គឺសន្ធិសញ្ញា​សន្តិភាព​ជាមួយ សហរដ្ឋអាមេរិក ដើម្បីបញ្ចប់​សង្រ្គាម​កូរ៉េ (១៩៥០-១៩៥៣)​ ជា​ផ្លូវការ៕