(ញូដេលី)៖ រលកកម្តៅ​ដែលមានសីតុណ្ហភាព ​ត្រូវបានគេព្យាករណ៍​ថានឹងឡើងខ្ពស់​ដល់​ទៅ ៤៧អង្សាសេនោះ កំពុងតែវាយប្រហារ​បណ្តារដ្ឋភាគ​កណ្តាល ខាងលិច និងភាគខាងជើង នៃប្រទេស​​ឥណ្ឌា ហើយវានឹងបន្តអូសបន្លាយស្ថានភាពអាក្រក់នៅរយៈពេលពីរទៅបីថ្ងៃ​ខាងមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។

បើគិតត្រឹម​កាលពីថ្ងៃសុក្រ​សប្តាហ៍នេះ សីតុណ្ហភាព​បានកើនឡើងពី ៤៣អង្សាសេ ទៅ ៤៥អង្សាសេ ហើយវាកំពុង​ស្ទុះឡើងខ្ពស់​តាមការរំពឹងទុក​រហូតដល់កម្រិត ៤៧អង្សាសេ នៅថ្ងៃសៅរ៍​​នេះតែម្តង នៅតាមបណ្តា​រដ្ឋភាគ​កណ្តាល និងខាងជើង ក្នុងនោះ​ក៏​មាន​រដ្ឋធានីញូដេលី​ផងដែរ។ អាជ្ញាធរនៅតាម​បណ្តារដ្ឋមួយចំនួន​ដូចជា រ៉ាហ្សាស់ថាន់ (Rajasthan នៅភាគខាងលិច​ប្រទេស ក៏បានចេញ​សេចក្តីព្រមាន​រួចទៅហើយ​ដែរ។

គួរបញ្ជាក់ថា រលក​កម្តៅក្បែរៗ ៥០អង្សាសេ តែងតែ​បោកបក់មកលើ​​ប្រទេសឥណ្ឌា ក៏ដូចជា​ប៉ាគីស្ថានផងដែរ ដោយបានសម្លាប់​មនុស្សរាប់រយនាក់​ជារៀងរាល់ឆ្នាំ ហើយ​ពេលនេះ អាជ្ញាធរឥណ្ឌា​ក៏កំពុងព្រួយបារម្ភអំពីមនុស្ស​ស្លាប់ ដោយសារ​កម្តៅ​ដ៏ក្តៅ​នេះ​ផងដែរ ខណៈនៅ​ប៉ាគីស្ថានឯណោះវិញ មនុស្ស ៦៥នាក់ ទៅហើយបាន​ស្លាប់តែក្នុង​រយៈពេលតែបីថ្ងៃ កាលពីដើម​សប្តាហ៍​នេះ៕