(ព្យុងយ៉ាង)៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យា​សាងសង់​រម្មណីយដ្ឋាន​​លំដាប់ពិភពលោក​មួយ នៅភាគខាងកើត​ទីក្រុងកំ​ពង់ផែវ៉ុនសាន (Wonsan)។ នេះបើ​តាម KCNA ដកស្រង់​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។

យោងតាម​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA​ លោក គីម ជុងអ៊ុន ធ្វើការសន្យា​នេះនៅអំឡុងបំពេញ​ទស្សនកិច្ច​ ទៅកាន់​ទីតាំងការដ្ឋានសាងសង់​នៅក្នុងតំបន់​​ឆ្នេរ​​ទេសចរណ៍ Wonsan-Kalma ហើយលោក​ថែមទាំង​បញ្ជាក់ដែរ​ថា សំណងអច្ឆរិយៈថ្មី​មួយនឹង​ត្រូវ កសាងឡើង​ជាថ្មីនៅ​កូរ៉េខាងជើង។

«នេះគឺ​ជាការប្ដេជ្ញាចិត្តរបស់គណបក្សពលករ​កូរ៉េខាងជើង ក្នុងការសាងសង់​តំបន់ឆ្នេរ ទេសចរណ៍ Wonsan-Kalma ឱ្យមាន​លក្ខណៈជា​ទីក្រុងតាម​បែបកូរ៉េ... សំដៅ​ធ្វើឱ្យប្រជាជន​របស់យើង​មានភាពរីករាយ​នឹងអរិយ្យ ធម៌​លំដាប់​ខ្ពស់»។ នេះបើតាម​លោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា នៅក្នុងសម័យ​ប្រជុំពេញអង្គកាល​ពីខែមុន គណបក្សពលករ​កូរ៉េខាងជើង បាននិយាយថា ទីក្រុងព្យុងយ៉ាង​នឹងផ្ដោត​សំខាន់​លើការបង្កើនកិច្ចខិតខំប្រឹង​ប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ដើម្បីលើក​កម្ពស់ជីវិភាព​ប្រជាជន៕