(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានព្រមាន​ជាថ្មីម្ដងទៀត​ លើរដ្ឋាភិបាលស៊ីរី​ថា ខ្លួននឹងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ និងសម​ស្រប​ដើម្បីឆ្លើយតប​ទៅនឹងការរំលោភ​លើបទ​ឈប់បាញ់។ ព្រមពេល​ជាមួយគ្នា ទីក្រុង​វ៉ាស៊ីនតោន ក៏បានសម្ដែង​ការព្រួយបារម្ភ​ផងដែរ ពាក់ ព័ន្ធ​នឹងសេចក្ដីរាយការណ៍​ពីប្រតិបត្តិការយោធា​នៅក្នុងតំបន់​កាត់បន្ថយជម្លោះ​ នៅភាគនិរតី​ប្រទេស​ស៊ីរី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។

ការព្រមាន​បែបនេះ​របស់​សហរដ្ឋអាមេរិក កើតមានឡើង​បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ថា មានការវាយ​ប្រយុទ្ធគ្នា​ស្រដៀងគ្នានេះ នៅក្នុងតំបន់​កាត់បន្ថយ​ជម្លោះ ស្ថិតនៅភាគ​ឦសានប្រទេស​ស៊ីរី គ្រប់គ្រងដោយ​កងកម្លាំងប្រជាធិបតេយ្យ​ស៊ីរី ដែលមាន​សហរដ្ឋអាមេរិកជា​ខ្នងបង្អែក។ បន្ថែមពី​លើនេះ សេចក្ដីរាយការណ៍​ដដែល​ឱ្យដឹងទៀតថា កងទ័ព​ជើង​គោក និងអាកាស​អាមេរិក បានដឹកនាំការ​វាយប្រហារ​ជាង ០៤ម៉ោង ដោយសម្លាប់​កងកម្លាំង​ស្ម័គ្រស្មោះ​នឹងប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាស្សាដ រហូតដល់ទៅជាង ៣០០នាក់ ក្នុងនោះភាគ​ច្រើនជាទាហាន​ស៊ីឈ្នួលរបស់​រុស្ស៊ី។

ដោយឡែក ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រ​សប្ដាហ៍នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី Heather Nauert បានលើក​ឡើងដូច្នេះថា «ក្នុងនាមជាអ្នក​ធានាការពារតំបន់កាត់​បន្ថយជម្លោះ​ជាមួយរុស្ស៊ី និងហ្ស៊កដានី សហរដ្ឋអាមេរិក​នឹងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ និងសមស្រប ដើម្បីឆ្លើយតប​ទៅនឹងការរំលោភ​លើបទឈប់បាញ់ ពីសំណាក់​រដ្ឋាភិបាល​ស៊ីរី»

គួរជម្រាបថា បើតាមអង្គការ​ឃ្លំាមើលសិទ្ធិ​មនុស្សស៊ីរី មានមូលដ្ឋាន​នៅទីក្រុងឡុងដ៍ កងកម្លាំង​រដ្ឋាភិបាលស៊ីរី បានប្រកាសពីជោគជ័យ​លើក្រុម ISIS ដោយគ្រប់គ្រង​ទីក្រុងដាម៉ាស់​បានទំាងស្រុង ហើយកំពុង​ធ្វើសកម្មភាពឆ្ពោះ​ទៅកាន់​ភាគខាង​ត្បូងខេត្ត Deraa៕