(វ៉ាស៊ីនតោន)៖ ការិយាល័យ​ស៊ើបអង្កេតសហព័ន្ធ​អាមេរិក (FBI) បានព្រមានថា ក្រុម hackers រុស្ស៊ី​បានចូល​ hack ឧបករណ៍ចែក​ចាយបណ្ដាញអ៊ីធើណែត (routers) នៅតាមផ្ទះ និងការិយាល័យ​រាប់រយពាន់​គ្រឿង ហើយដែលនេះ​អាចឱ្យពួកគេ​​ប្រមូល​ព័ត៌មានពី​អ្នកប្រើប្រាស់ ឬក៏បិទចរាចរណ៍​អ៊ីនធើណែត (Network)។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅ​ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។

ទន្ទឹមគ្នា​នោះដែរ FBI បានជម្រុញឱ្យអ្នក​ប្រើប្រាស់​បិទ​ (routers) ហើយបើក​វាឡើង​វិញ ព្រមទាំង download updates ដើម្បីការពារ​ការឆ្លងវីរុស។ ចំណែកឯ ការព្រមាន​នេះកើតឡើង​បន្ទាប់ពីតុលាការ​អាមេរិក​មួយ កាលពី​ថ្ងៃពុធ​បានចេញដីកា​ដោយ​អនុញ្ញាតឱ្យ FBI​ រឹបអូសគេហទំព័រ​មួយដែល​ក្រុម Hacker មានផែនការ​លុកលុយ​គ្រប់គ្រង routers។ ប៉ុន្តែ FBI ព្រួយ​បារម្ភថា routers នៅតែ​អាចឆ្លង​វីរុស ដូច្នេះហើយទើប​ស្ថាប័នកំពូល​អាមេរិមួយនេះ ចេញសេចក្ដី​ព្រមានក្នុងគោលបំណង​បោសសំអាត ​គ្រឿងម៉ាស៊ីន​ទាំងនេះ។

គួរជម្រាបថា បើតាមក្រសួង​យុត្តិធម៌អាមេរិក ការ hack លើ routers របស់ក្រុម Hacker​​ ឈ្មោះ Sofacy ដែលគេជឿជាក់ថា មាន​ទំនាក់ទំនងជាមួយ​រុស្ស៊ី ត្រូវបានធ្វើឡើង​នៅក្នុងប្រទេស​ចំនួន ៥០ ហើយការ​គោលដំបូងគេ​កើតឡើងនៅ​ក្នុងប្រទេស​អ៊ុយក្រែន៕