(វ៉ាស៊ីនតោន)៖ មន្ទីរ​បញ្ចកោណ​បានឱ្យដឹង​ថា ខ្លួនមិនបានអញ្ជើញ​ភាគីចិន​ឱ្យចូលរួមក្នុង​សមយុទ្ធយោធា​ជើងទឹក​ទ្រង់ទ្រាយ​ធំ​ ដែល រៀបចំឡើង​ដោយសហរដ្ឋអាមេរិក​នោះទេ ដោយសារតែ​ទីក្រុងប៉េកាំង​ បង្កើនសកម្មភាព​យោធា​នៅឯតំបន់​សមុទ្រចិន​ខាងត្បូង។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅ​រសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងសន្និសីទ​សារព័ត៌មាន​អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ លោក គ្រីស្តូហ្វឺ លូហ្គាន់ (Christopher Logan) បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ជាការ​ផ្ដួចផ្ដើម​គំនិត ឆ្លើយតបទៅនឹង​ការបង្កើន​សកម្មភាព​យោធា​របស់ចិន​ ​នៅឯតំបន់​សមុទ្រចិន​ខាងត្បូង យើងបាន​សម្រេចចិត្ត ​មិនអញ្ជើញ​កងទ័ពប្រជាជនចិន (PLA​) ចូលរួមក្នុង​សមយុទ្ធ​យោធា Rim of the Pacific (RIMPAC) ក្នុងឆ្នាំ២០១៨ នេះទេ»

លោក Logan មិនបញ្ជាក់​អ្វីលម្អិត​ នៅពីក្រោយការ​សម្រេចចិត្តនេះ​ឡើយ ដោយគ្រាន់​តែអះអាងថា មានភស្ដុតាង​យ៉ាងរឹងមាំ​បង្ហាញថា ចិនបានដាក់​ពង្រាយ​ប្រព័ន្ធ មីស៊ីលប្រឆាំង​នឹង​នាវាចម្បាំង មីស៊ីលការពារ​ដែនអាកាស និងបរិក្ខា​យោធាជាច្រើន​ទៀត​ នៅលើទីប្រជុំ​កោះ Spratly ក្នុងសមុទ្រ​ចិន​ខាងត្បូង។

តែយ៉ាងណា​ក៏ដោយ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ចាត់ទុកថា នេះវាគឺជាការ​សម្រេចចិត្ត​គ្មានលក្ខណៈ​ស្ថាបនា។ «យើង យល់វាគឺ​ជាទង្វើគ្មាន​លក្ខណៈស្ថាបនា... ហើយ​យើងសង្ឃឹមថា សហរដ្ឋអាមេរិក​នឹងផ្លាស់ប្ដូរគំនិត​អវិជ្ជមាន​បែបនេះចេញ»។ នេះគឺជាគូសបញ្ជាក់​របស់​លោក វ៉ាង យី ថ្លែងប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ក្នុងទីក្រុង​វ៉ាស៊ីនតោន បន្ទាប់ពីជំនួប​ជាមួយរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ Mike Pompeo។

គួរបញ្ជាក់ថា សមយុទ្ធយោធា Rim of the Pacific ឬគេហៅជាទូទៅថា RIMPAC គឺជាសមយុទ្ធយោធាជើងទឹកដ៏មួយលំដាប់អន្តរជាតិ ដែល​ត្រូវធ្វើឡើង​ជារៀងរាល់ ០២ឆ្នាំម្ដង នៅឯរដ្ឋហាវៃ​ក្នុងខែមិថុនា និងខែកក្កដា ហើយសមយុទ្ធមុនៗ​ចិនក៏ធ្លាប់បានចូល​រួមផងដែរ៕