(ហ្សាការតា)៖ ​ភ្នំភ្លើងសកម្ម​ជាងគេនៅ​ឥណ្ឌូណេស៊ី មឺរ៉ាពី (Merapi) ដែល​ស្ថិតនៅលើ​​កោះជ្វា​បានផ្ទុះឡើង​ជាថ្មីម្តង​ទៀត ដោយបាន​បាញ់​កម្អែរ​ផេះ​​កម្ពស់ ៦,០០០ម៉ែត្រ ឡើងទៅ​លើ​ផ្ទៃអាកាស។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅវេលា​រសៀលថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។

​ក្រោយ​ហេតុការណ៍​ផ្ទុះជះកម្អែរផេះ ឧស្ម័នពុល​​ដូចជា H2S និង CO2 ក៏ត្រូវបាន​បញ្ចេញពី​មាត់ភ្នំភ្លើង​ផងដែរ ដែលជាហេតុបង្ខំ​ឲ្យអាជ្ញាធរ​​ឥណ្ឌូណេស៊ី ហាមប្រាម​មិនឲ្យមាន​សកម្មភាព​នានា​នៅ​​រយៈចម្ងាយ ០៣គីឡូម៉ែត្រ ជុំវិញមាត់​ភ្នំភ្លើង​នោះឡើយ ព្រមទាំងបាន ទទូចឲ្យមាន​​ការប្រើប្រាស់​ម៉ាស់ នៅតាមតំបន់​ក្បែរៗនោះ។​​​ កាលពីថ្ងៃអង្គារ​កន្លងទៅ ​ភ្នំភ្លើង Merapi ក៏បានផ្ទុះ​ហើយ​បង្ខំឲ្យ​មនុស្ស​ ៦៦០នាក់ ជម្លៀស​ខ្លួនចេញពីផ្ទះ​សម្បែងរបស់​ពួកគេ​ផងដែរ។

គួរជម្រាបថា គិតចាប់តាំងពី​​ថ្ងៃចន្ទដើមសប្តាហ៍នេះ​មក ភ្នំភ្លើងខាងលើ​​បានបញ្ចេញ​សកម្មភាព ០៥ លើកហើយ។ ភ្នំភ្លើង Merapi ​ដែល​ស្ថិត​ក្នុងចំណោម​ភ្នំភ្លើងសកម្ម​ទាំង ១២៩ ​​​​របស់​ឥណ្ឌូណេស៊ី​មានទីតាំង​​នៅ​ចម្ងាយ ២៨គីឡូម៉ែត្រ ភាគខាងជើង​ទីក្រុង​យ៉ូកយ៉ាការតា (Yogyakarta) ដែលមាន​ចំនួន​​​ប្រជា​ជនរស់​នៅ ២.៤លាននាក់ ហើយមនុស្ស​​រាប់​ពាន​នាក់​ទៀត​ មានទីលំនៅ​​ជុំវិញ​ភ្នំ​ភ្លើង​នេះ៕