(ដាម៉ាស់)៖ កងយន្តហោះ​ចម្បាំងរបស់​ក្រុមចំរុះអន្តរជាតិ ដែលដឹកនាំ​ដោយសហរដ្ឋអាមេរិក ​បានវាយប្រហារ​ទៅលើ​ទីតាំងយោធា​​ស៊ីរី​​​​ពីរ​​កន្លែង នៅឯតំបន់​វាលខ្សាច់ភាគ​ខាងកើត​​ប្រទេស​ស៊ីរី។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។

ការវាយប្រហារ​ខាងលើ​នេះ បានកើតមាន​ឡើង ស្របពេលដែល​​ក្រុមសកម្មជន​ស៊ីរី ​បានរាយការណ៍​អំពីការផ្លោង​គ្រាប់ដាក់គ្នា ​រវាង​កងទ័ព​រដ្ឋាភិបាល​ទីក្រុងដាម៉ាស់ និងកងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី SDF នៅក្នុងខេត្ត Deir al-Zour ខណៈពុំទាន់​មាន​​ព័ត៌មានបញ្ជាក់​ពី​មនុស្សរង​គ្រោះ ឬការខូចខាត ដោយសារ​ប្រតិបត្តិការ​វាយលុក ​តាមផ្លូវអាកាស​នេះ​នៅ​ឡើយទេ។

គួរជម្រាបថា យោងតាម​សេចក្តីរាយការណ៍​ផ្សេងទៀត​នាពេលថ្មីៗនេះ កង​យន្តហោះ​​ចម្បាំងរបស់​សហរដ្ឋអាមេរិក​ និងអ៊ីស្រាអែល​បាន​បើក​​​ការ​​វាយ​ប្រហារ​ទៅលើ​​ទីតាំងយោធា​របស់ស៊ីរីមួយចំនួន ដែលមានវត្តមាន​ក្រុមជំនាញផ្នែក​យោធា​របស់អ៊ីរ៉ង់។ សកម្មភាព​ទាំងនេះ​ ​​គឺជាផ្នែកមួយ​នៃភាពតានតឹង​រវាងរដ្ឋាភិបាល​ស៊ីរី ព្រមទាំងសម្ព័ន្ធមិត្ត​អ៊ីរ៉ង់នៅ​ភាគីម្ខាង ជាមួយ​និង​សហរដ្ឋអាមេរិក​ និងអ៊ីស្រាអែល​នៅភាគី​​ម្ខាង​ទៀត៕