(សេអ៊ូល)៖ កូរ៉េខាងជើង ជាថ្មីម្ដងទៀតនៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានថានឹងលុបចោលជំនួបកំពូលដែលបានគ្រោងទុកជាមួយ សហរដ្ឋអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោន​ មិនព្រមបញ្ឈប់សកម្មភាពខុសច្បាប់ និងទង្វើអសីលធម៌ទេនោះ។ នេះបើតាមអនុរដ្ឋ មន្ត្រីការបរទេសកូរ៉េខាងជើង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយសារព័ត៌មានរដ្ឋ KCNA អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui បានបញ្ជាក់ថាជំនួបកំពូលនៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរី រវាងលោក គីម ជុងអ៊ុន និងលោកដូណាល់ ត្រាំ អាច នឹងប្រព្រឹត្តទៅបានតាមការគ្រោងទុកគឺអាស្រ័យទាំងស្រុងលើការសម្រេចចិត្ត និងអាកប្បកិរិយារបស់សហរដ្ឋអាមេរិក។

«ជំនួបរវាងសហរដ្ឋអាមេរិកនិងពួកយើង អាចនឹងប្រព្រឹត្តទៅបានតាមការគ្រោងទុកគឺអាស្រ័យទាំងស្រុងលើការសម្រេចចិត្តនិង អាកប្បកិរិយារបស់សហរដ្ឋអាមេរិក...តែបើសិនជាសហរដ្ឋអាមេរិក នៅតែបន្តធ្វើសកម្មភាពប្រឆាំងនឹងបំណងល្អរបស់យើង ខ្ញុំនឹង បញ្ជូនសំណើទៅកាន់មេដឹកនាំកំពូលរបស់យើងដើម្បីឱ្យគាត់ពិចារណាលើជំនួបកំពូលអាមេរិក-​កូរ៉េខាងជើងឡើងវិញ»។ នេះគឺជាការ ព្រមានរបស់លោកស្រី Choe Son-hui។

គួរបញ្ជាក់ថា ការព្រមានរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាក្នុងជំនួបមួយកាលពីថ្ងៃអង្គារ ក្នុងទីក្រុងវ៉ាស៊ីនតោន ហើយនៅក្នុងជំនួបនេះលោកត្រាំ ក៏បាន ព្រមានដែរថាជំនួបជាមួយលោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា អាចនឹងមិនកើតឡើងឡើយ៕