(សេអ៊ូល)៖ អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ម្យុងបាក់ (Lee Myung-bak) នាថ្ងៃពុធនេះ​បានចូលខ្លួន​នៅក្នុងសវនាការ​លើកទីមួយ ជុំវិញបទ​ចោទ​ប្រកាន់​ពីការប្រព្រឹត្តអំពើ​ពុករលួយ រួមមាន​ទាំងការទទួល​សំណូល​សូកប៉ាន់ និងការ​បន្លំកឹបកេង​ថវិកាផងដែរ ហើយនេះ​ជារឿងក្តីពុករលួយ​ធំបំផុត ដែលកំពុងញាំញីអតីតប្រធានាធិបតី និងជាអតីតសម្ព័ន្ធមិត្តរបស់ទណ្ឌិត ផាក គឺនហេ ព្រមទាំង​អាច​មាន​ការជាប់ពាក់ព័ន្ធ​ស៊ីជម្រៅ​លើសពី​ការស្មាន​ផងដែរ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ​ពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។

លោក Lee ដែលធ្លាប់បាន​កាន់មុខតំណែង​​រយៈពេល ០៥ឆ្នាំ ក្នុងនាម​ជា​មេដឹកនាំ​របស់​ប្រទេស​​កូរ៉េខាងត្បូង ពីដើម​ឆ្នាំ២០០៨ ដល់​ដើម​ឆ្នាំ​២០១៣ ត្រូវបាន​អាជ្ញាធរចាប់​ឃុំខ្លួនរហូត​មកទល់ពេលនេះ កាលពី​ថ្ងៃទី២២ ខែមីនា​កន្លងទៅ ជុំវិញការចោទ​ប្រកាន់ជាច្រើន ពាក់ព័ន្ធនឹង​​អំពើពុករលួយ។​

លោក Lee Myung-bak ត្រូវបានគេ​ចោទប្រកាន់ថា បានទទួល​សំណូកចំនួន ១០លានដុល្លារ និងបាន​កឹបកេង​បន្លំលុយ​រាប់សិប​លានដុល្លារ​​​តាមរយៈក្រុមហ៊ុន​ផលិតគ្រឿងបន្លាស់​យានយន្ត​ក្នុងស្រុកមាន​ឈ្មោះថា DAS ​ដែលក្រុមរដ្ឋ​អាជ្ញា​កូរ៉េខាងត្បូង​ជឿជាក់ថា តាមពិតជា​កម្ម​សិទ្ធរបស់​លោក Lee តែប្រើប្រាស់​ឈ្មោះកម្ចីរបស់​បងប្រុស​ខ្លួន។

គួរជម្រាបថា អ្នកបន្តវេន​ពីការដឹកនាំរបស់​លោក Lee គឺលោក​ស្រី ផាក គឺនហេ ដែលជាអតីតប្រធានាធិបតី​កូរ៉េខាងត្បូង​ដំបូងគេ ដែល​ត្រូវ​សភា​​​​​​បោះឆ្នោតទម្លាក់​ពីអំណាចនោះ ត្រូវបានតុលាការ​កាត់ទោស​ដាក់ពន្ធនាគារ​រយៈពេល ២៤ឆ្នាំ និងពិន័យជាប្រាក់​​ចំនួន ១៧លានដុល្លារ៕