(អ៊ីស្លាម៉ាបាដ)៖ ប្រព័ន្ធផ្សព្វផ្សាយ​ប៉ាគីស្ថាន នៅថ្ងៃអង្គារនេះ​បាន​រាយការណ៍ថា រលកកំដៅ​បានផ្ដាច់យក​អាយុជីវិត​មនុស្ស ៦៥នាក់ នៅក្នុង​ទីក្រុងការ៉ាជី (Karachi) ស្ថិតនៅ​ភាគខាងត្បូង​នៃប្រទេស អស់រយៈពេល​ជាងបីថ្ងៃ​មកនេះ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់​ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។

យោងតាម​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងតំបន់ រលកកំដៅនេះ​កើតមានស្រប​ពេលដាច់ចរន្ដ​អគិ្គសនី និងខែ Ramadan ដែលជាខែ​ដ៏ពិសិដ្ឋ របស់អ្នកកាន់សាសនា​អ៊ីស្លាមដែលត្រូវ​តមមិនហូប និងមិនផឹកនៅ​ពេលថ្ងៃ។ សីតុណ្ហភាព​បានកើនដល់ ៤៤អង់ស្សាសេ កាលពីថ្ងៃ​ចន្ទម្សិលមិញ ហើយវាអាចនឹងបន្ត​កើនឡើងខ្ពស់​ជាង ៤០អង្សាសេ រហូតដល់​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​នេះ។

ប៉ុន្តែអ្វីដែល​គេព្រួយបារម្ភ​នោះគឺ ចំនួនអ្នកស្លាប់​អាចនឹងបន្ត​កើនឡើង ខណៈសីតុណ្ហភាពនៅតែបន្តរក្សាកំដៅខ្ពស់​ដដែល៕