(រីយ៉ាដ)៖ យន្តហោះមួយគ្រឿង​​របស់ប្រទេស​អារ៉ាប៊ីសាអូឌីត ដែលមានជើងហោះហើរ SV3818 ដែលធ្វើដំណើរចេញពីទីក្រុង មេឌីណា (Medina) សំដៅទៅទីក្រុង​ដាកា នៃប្រទេសបង់ក្លាដែសនោះ បានធ្វើការចុះចតយ៉ាងទាន់​ហន់នៅ​ព្រលាន​យន្តហោះ ទីក្រុង ចេដដាហ៍ (Jeddah) បន្ទាប់ពីមានបញ្ហាផ្នែកបច្ចេកទេស​ហើយច្រមុះរបស់វា បានអូសនឹងផ្លូវព្រលាន នាំឲ្យខូចខាតយ៉ាងដំណំ តែសំណាងល្អ​ដែលវា​មិនបង្កឲ្យមានរងគ្រោះដល់អ្នកនៅលើយន្តហោះ។ នេះបើតាម​ការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹក​ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។

យន្តហោះខាងលើនេះជាប្រភេទ Airbus A330-200 បានចុះចតនៅអាកាសយាន​ដ្ឋាន Jeddah របស់ស្តេច​អាប់ឌុលឡាហ្ស៊ីស ដោយផ្នែកខាងមុខវាបានទទួលរង​ការខ្ទេចខ្ទាំ​យ៉ាងដំណំ។ ហេតុការណ៍នេះ​បានកើតឡើង​​នៅវេលា​ម៉ោង ១០៖០០នាទីយប់ (ម៉ោងសកល) ត្រូវហ្នឹងពេលទៀប​ភ្លឺថ្ងៃអង្គារ​នេះ ម៉ោងនៅ​អាស៊ីខាង​កើត)។ បច្ចុប្បន្ន​កត្តាបញ្ហាទាំងឡាយ​​កំពុងស្ថិត​​នៅក្នុងការ​ស៊ើប​អង្កេត៕