(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន​ ជែអ៊ីន បានធ្វើដំណើរ​ទៅដល់ទីក្រុងវ៉ាស៊ីនតោន​ហើយនៅ​ថ្ងៃចន្ទសប្ដាហ៍នេះ (ពេល​វេលានៅ​វ៉ាស៊ីនតោន) ដើម្បីចូលរួម​កិច្ចប្រជុំទ្វេភាគី​ជាសមភាគី​អាមេរិក លោក ដូណាល់ ត្រាំ ដែលកិច្ច​ពិភាក្សានេះ​នឹងផ្ដោតសំខាន់លើការរៀបចំ​ជំនួប​កំពូល អាមេរិក-​កូរ៉េខាងជើង នៅខែមិថុនា ខាងមុខនេះ។ នេះបើតាម​វិមានប្រធានាធិបតី​កូរ៉េខាងត្បូង ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នក​សារព័ត៌មាន មន្រ្តីវិមានប្រធានាធិបតី​កូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថា កិច្ចប្រជុំកំពូល​រវាងលោក មូន និងលោក ត្រាំ នឹង​ត្រូវប្រព្រឹត្ត​ទៅនៅថ្ងៃអង្គារ​នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក)​ ដោយចាប់​ផ្ដើមជំនួបមួយទល់​នឹងមួយរយៈពេល​កន្លះម៉ោង។ មន្ត្រី​រូបនេះ​ដដែល​បានបញ្ជាក់ក្នុង​លក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះ​យ៉ាងដូច្នេះថា‍‍ «ជាការពិត​ណាស់ ជំនួបរវាងមេដឹកនាំ​ទាំងពីរនឹងមិន​មានអ្នកផ្សេង ចូលរួម​ឡើយ ដែលនេះនឹងផ្ដល់​ឱ្យពួកគាត់ចែក​រំលែកយោបល់​យ៉ាង​ស៊ីជម្រៅ»

សូមជម្រាបថា បើតាមការ​គ្រោងទុក​ជំនួបរវាង​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន គ្រោងនឹង​ធ្វើឡើង​នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ​ក្នុងប្រទេស​សិង្ហបុរី។ ប៉ុន្តែកាលពី​សប្ដាហ៍មុន ដោយខឹងសម្បារ​នឹងសមយុទ្ធយោធា​រវាងទីក្រុងសេអ៊ូល និងទីក្រុង​វ៉ាស៊ីនតោន កូរ៉េខាងជើង​បានលុបចោលជំនួបមួយជាមួយ​កូរ៉េខាងត្បូង ហើយក៏បានព្រមាន​លុបចោលជំនួប​ជាមួយ​លោក ដូណាល់ ត្រាំ ផង​ដែរ៕