(អាមេរិក)៖ ភ្នំភ្លើង​គីឡូអៀ (Kilauea) នៃរដ្ឋហាវ៉ៃ​​ បានបង្កើតហា​និភ័យ​ក្នុងទម្រង់ថ្មីមួយ​ទៀត​សម្រាប់ប្រជាជន​អាមេរិក ដែលរស់នៅលើ​ដែនដីកោះ​ដ៏ធំ​នេះ ខណៈដែល​កម្អែរភ្នំភ្លើង ដែលបានហូរ​ចូល​ទៅដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិកហើយនោះ អាចបង្ក​ជាដុំពពក​ ភាគល្អិត ក៏ដូចជា​​ចំហាយ​ទឹក​ ដែល​មាន​សារធាតុពុល។ នេះបើតាម​ការ​ដកស្រង់​ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ​២០១៨។

អាជ្ញាធរ​កោះហាវ៉ៃ បានណែនាំឲ្យ​សាធារណៈ​មានការប្រុង​ប្រយ័ត្នខ្ពស់ អំពីផ្សែង​ក៏ដូចជា​អ័ព្ទពុល ដែលកើតឡើងពី​​ការហូរចូលនៃកម្អែរ​​ភ្នំ​ភ្នើងទៅក្នុង​មហាសមុទ្រ។ បណ្តុំ​ផ្សែងនេះ បានគ្របដណ្តប់​លើផ្ទៃដីទំហំប្រមាណ ២៤គីឡូម៉ែត្រ ជុំវិញកន្លែង​ដែល​កម្អែរភ្លើង បានជួបនឹង​​ទឹក​​សមុទ្រ។​

គួរជម្រាបថា ភ្នំភ្លើង Kilauea បានចាប់ផ្តើម​​ផ្ទុះឡើងជា​លើកដំបូង កាលពីជាង ០២សប្តាហ៍មុន និងបានបំផ្លិចបំផ្លាញ​​លំនៅឋាន​រាប់សិបខ្នង​ ដែល​ឈានដល់​ការជម្លៀសខ្លួន​មនុស្សរាប់​ពាន់នាក់៕