(វ៉ាស៊ីនតោន)៖ មន្ត្រី​ជាន់ខ្ពស់​អាមេរិកម្នាក់ បានស្នើឱ្យ​បំពាក់អាវុធដល់​គ្រូបង្រៀន​ ដើម្បីទប់ស្កាត់​ករណីបាញ់ប្រហារ​នៅតាមសាលា រៀននានា​ក្នុង​សហរដ្ឋអាមេរិក ហើយដែល​សំណើនេះ​ គឺដូចគ្នាទៅនឹង​អ្វីដែល​ លោក ដូណាល់ ត្រាំ បានលើកឡើង​កាលពី​ដើមឆ្នាំ ២០១៨។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។

ការកត់សម្គាល់​ខាងលើរបស់​ លោក ដេន ផាទ្រីក (Dan Patrick) អភិបាលរងរដ្ឋ តិចសាស់ (Texas) ធ្វើឡើងបន្ទាប់ពី​មានករណីបាញ់ប្រហារ​សម្លាប់មនុស្ស១០នាក់ ក្នុងនោះមាន ០៨នាក់​ ជាសិស្សសាលា​កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន នៅឯ​វិទ្យាល័យ សាន់តាហ្វេ (Santa Fe)។ លោក Patrick បានបញ្ជាក់ថា ការបំពាក់​អាវុធដល់គ្រូបង្រៀន អាចជួយ​ទប់ស្កាត់ករណីបាញ់​ប្រហារ​នៅតាម​សាលារៀន ប៉ុន្តែព្រម​ពេលជាមួយគ្នា ក្រុម​មន្ត្រីរដ្ឋ Texas ក៏យល់ឃើញដែរថា សាលារៀននានា​នៅក្នុង​សហរដ្ឋអាមេរិក មាន​ច្រកចូល និងច្រកចេញ​ច្រើនពេក​ហើយ ដែល​វាគួរតែត្រូវពិចារណា​រចនាឡើង​វិញ។

គួររំលឹកថា បន្ទាប់ពីមាន​ការបាញ់ប្រហារ​ក្នុងរដ្ឋ Florida កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្លាប់បាន​អះអាងដូចគ្នា​ថា ការផ្ដល់កាំភ្លើង​ឱ្យគ្រូ​បង្រៀន អាចជួយបង្ក​ករណីបាញ់​ប្រហារនៅតាម​សាលារៀន។ ប៉ុន្តែការ​លើក​ឡើងនេះ បានបង្កជា​ភាព​ចម្រូសចម្រាស​ដោយក្រុម​អ្នកប្រឆាំងការប្រើប្រាស់​កាំភ្លើងគិតថា វាមិនមែន​ជាមធ្យោបាយ​ហើយថា ច្បាប់ប្រើប្រាស់ កំាភ្លើងគួរតែ​ត្រូវរឹត​បន្តឹង៕