(ការ៉ាកាស់)៖ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោតវេណេស៊ុយអេឡា (CNE) បាន​ប្រកាសថា ប្រធានាធិបតី​វេណេស៊ុយអេឡា​បច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ បានទទួល​ជ័យជម្នះនៅ​ក្នុងការបោះឆ្នោត​ប្រធានាធិបតី​ កាលពីថ្ងៃអាទិត្យ ដើម្បីបន្ត​ដឹកនាំ​ប្រទេសមួយ​អាណត្តិទៀត ដែលមានរយៈពេល ០៦ឆ្នាំ។​ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។

យោងតាម CNE ចំនួនអ្នកចូលរួមបោះឆ្នោត​មានតែ ៤៦.១ភាគរយ​ប៉ុណ្ណោះ។ ប៉ុន្តែក្រុមអ្នកគាំទ្រ​លោក ម៉ាឌូរ៉ូ បានចេញមក​រាំច្រៀង អបអរសាទររូបលោក ដែលបាន​ទទួលសន្លឹក​ឆ្នោត ៥.៨លានសំឡេង ទល់នឹង ១.៨លាន​សំឡេង​ នៃគូប្រជែង​របស់​លោក គឺលោក ហិនរី ហ្វាលខុន (Henri Falcon)។

គួរបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យសប្តាហ៍មុន (ពេលវេលានៅអាមេរិកឡាទីន) ក្រសួងការ​បទេសអាមេរិក​ចាត់ទុកថា ការបោះឆ្នោត​ប្រធានាធិបតី​វេណេស៊ុយអេឡា​ គឺត្រូវបានធ្វើឡើងដោយ​ខុសច្បាប់ រីឯក្រុមអ្នកប្រឆាំង​លោក ម៉ាឌូរ៉ូ ក៏បានចោទ​ប្រកាន់ដូចគ្នា​នេះ​ដែរ៕