(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក​ចាត់ទុកថា ការបោះឆ្នោត​ប្រធានាធិបតី​វេណេស៊ុយអេឡា កាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) គឺធ្វើឡើង​ដោយខុសច្បាប់។ នេះបើតាម​លោកស្រី ហ៊ឺធើ ណឺត (Heather Nauert) អ្នកនាំពាក្យក្រសួង​ការបរទេស​អាមេរិក ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ២០១៨។

ថ្លែងនៅ​លើ Twitter លោកស្រី Heather Nauert បានលើក​ឡើងយ៉ាងដូច្នេះថា «ការបោះឆ្នោត​ប្រធានាធិបតី​វេណេស៊ុយអេឡា នៅថ្ងៃនេះ (ថ្ងៃអាទិត្យ) គឺធ្វើឡើង​ដោយ​ខុសច្បាប់។ សហរដ្ឋអាមេរិក​ឈរនៅជាមួយ​ប្រជាជាតិ​ប្រជាធិបតេយ្យ​​ទាំងអស់ ​នៅលើ​ពិភពលោក ហើយគាំទ្រ​ប្រជាជន​វេណេស៊ុយអេឡា និងសិទ្ធិ​អធិបតេយ្យភាព​របស់ពួកគេ​ ក្នុងការបោះឆ្នោត​ជ្រើសរើស​អ្នកតំណាង​របស់ខ្លួន តាម​រយៈការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌»

គួរបញ្ជាក់ថា បើទោះជាមួយការថ្កោលទោស និងរិះគន់ឥតល្ហែ​យ៉ាងណា​ក៏ដោយ ក៏ក្នុងចំណោម​បេក្ខប្រធានាធិបតី​វេណេស៊ុយអេឡា សំខាន់ៗទាំង ០៤នាក់ គេឃើញថា ប្រធានាធិបតី​បច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ មានលទ្ធភាពខ្ពស់ជាងគេថា​ អាចនឹងឈ្នះ​នៅក្នុងការ បោះឆ្នោតនេះ​ជាលើកទី ២ ដែលមានអាណត្តិរយៈពេល ០៦ឆ្នាំ៕