(ប៊ែរឡាំង)៖ សារព័ត៌មានអាល្លឺម៉ង់ Welt am Sonntag នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថាក្រុមមន្ត្រីទូតអឺរ៉ុប ចិន និងរុស្ស៊ី គ្រោង នឹងបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាគ្នាស្ដីពីកិច្ចព្រមព្រៀងថ្មីមួយទាក់ទិននឹងការផ្ដល់ជំនួយហិរញ្ញវត្ថុឱ្យអ៊ីរ៉ង់ ជាថ្នូរនឹងការបញ្ឈប់កម្មវិធី អភិវឌ្ឍមីស៊ីល ក៏ដូចជាការលូកដៃចូលកិច្ចការផ្ទៃក្នុងនៅក្នុងតំបន់ ជាមួយក្ដីសង្ឃឹមថាអាចនឹងជួយសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០​ ខែឧសភា ឆ្នាំ២០១៨។

ផ្អែកលើប្រភពពីមន្ត្រីទូតនៃសហភាពអឺរ៉ុប សារព័ត៌មាន Welt am Sonntag បានបញ្ជាក់ថា ក្រុមមន្ត្រីអឺរ៉ុប ចិន និងរុស្ស៊ី នឹងជួប
ពិភាក្សាគ្នាក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ក្រោមវត្តមានប្រធានមន្រ្តីទូតជាន់ខ្ពស់សហភាព អឺរ៉ុបលោកស្រី Helga Schmid ដើម្បីពិភាក្សាគ្នាពីជំហានបន្ទាប់ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តដក ទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥។

បន្ថែមពីលើនេះ បើតាមសារព័ត៌មាននេះដដែល ក្រុមមន្ត្រីទូតអាល្លឺម៉ង់ បារាំង អង់គ្លេស រុស្ស៊ី និងចិន អាចនឹងចូលរួមក្នុងកិច្ចប្រជុំនេះ រីឯសហរដ្ឋអាមេរិកទំនងជានឹងមិនចូលរួមឡើយ។ ប៉ុន្តែទន្ទឹមគ្នា គេក៏មិនទាន់ដឹងច្បាស់នៅឡើយដែរថាអ៊ីរ៉ង់នឹងបង្ហាញវត្តមានដែរ ឬក៏យ៉ាងណា។

សូមជម្រាបថា ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ អ៊ីរ៉ង់យល់ព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដក ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច។ ប៉ុន្តែ រដ្ឋាបាលអាមេរិករបស់ លោក ដូណាល់ ត្រាំ បានបង្ហាញការមិនពេញចិត្តចំពោះចំណុច ជាច្រើនក្នុងកិច្ចព្រមព្រៀងនេះ ដែលលោកផ្ទាល់មើលឃើញថាវាមិនបានគ្របដណ្ដប់លើកម្មវិធីមីស៊ីលអ៊ីរ៉ង់ ព្រមទាំងការគាំទ្ររបស់ តេហេរ៉ង់ ដល់ក្រុមប្រដាប់អាវុធ ដែលត្រូវបានគេចាត់ទុកថាជាក្រុមភេរវករ នៅក្នុងតំបន់មជ្ឈិមបូព៌ា៕