(គុយបា)៖ ក្រុមមន្ត្រីគុយបា បានឱ្យដឹងថាពួកគេបានរកឃើញប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់សខ្មៅទាំងពីរនៃយន្ដហោះមួយគ្រឿង ដែលបានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ឡាហាវ៉ាន់ ដោយផ្ដាច់យកជីវិតមនុស្សច្រើនជាង១០០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨។

បើតាមរដ្ឋមន្ត្រីដឹកជញ្ជូនគុយបា លោក Adel Yzquierdo ប្រអប់ខ្មៅខាងលើមានលក្ខណៈនៅល្អប្រសើរ ហើយលោកសង្ឃឹមថា ប្រអប់ខ្មៅទី០២ នឹងត្រូវរកឃើញក្នុងពេលឆាប់ៗនេះ។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីរូបនេះក៏បានទទួលជាផ្លូវការដែរថាមនុស្សស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះកាលពីថ្ងៃសៅរ៍ គឺមានចំនួន១១០នាក់ ក្នុងនោះមាន១១នាក់ជាជនបរទេស ខណៈស្ត្រី០៣នាក់នៅរស់ រាន្តមានជីវិត តែរងរបួសធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា យន្តហោះដែល​ធ្លាក់នោះជា​ប្រភេទ Boeing 737-201 ហើយ​មិនទាន់​ដឹងពីមូលហេតុ​ច្បាស់​លាស់​នៃការធ្លាក់នៅឡើយ​​នោះទេ ដោយវា​កំពុងស្ថិត​នៅក្នុងការ​ស៊ើប​អង្កេត។ យន្តហោះនេះមានគោលដៅ​ពីរដ្ឋធានីឡាហាវ៉ាន់ ឆ្ពោះ​ទៅកាន់​ទីក្រុង ហូលហ្គីន (Holguin) ដោយវា​ជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុន Damojh នៃប្រទេស​ម៉ិចស៊ីកូ និងត្រូវបានជួល​ដោយក្រុមហ៊ុន​អាកាសចរណ៍​គុយបា។ ចំណែកឯ រដ្ឋាភិបាលគុយបាក៏បានប្រកាសកាន់ទុក្ខដល់ជនរងគ្រោះរយៈពេលពីរថ្ងៃផងដែរ ដោយចាប់ផ្ដើមកាលពីថ្ងៃសៅរ៍៕