(គូឡាឡាំពួ)៖ អតីតនាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានធ្វើការតវ៉ា​ចំពោះទង្វើមិន​សមរម្យពីសំណាក់មន្ត្រីប៉ូលិស​មួយចំនួន ដែលបានចូលលុកលុយ​ផ្ទះ​របស់កូនប្រុសស្រីលោក កាលពីពេលថ្មីៗនេះ នៅក្នុងការស៊ើបអង្កេតករណីពុល​រលួយ នៃក្រុមគ្រួសារលោកទាំងមូលតែម្តង ហើយសូម្បីស្បែកជើងចៅរបស់លោក ក៏ត្រូវបាន​រឹបអូសផងដែរ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។

មេធាវីរបស់​​លោក ណាជីប ឈ្មោះ ហាផាល់ ស៊ីញ គ្រែវ៉ាល (Harpal Singh Grewal) បានប្រកាសអំពី​ការតវ៉ា​របស់​លោក នៅថ្ងៃសៅរ៍នេះ​​តែម្តង ដោយក្នុងនោះ​មានការលើក​ឡើង​អំពីសកម្មភាព​​ប៉ូលិស បានចូលទៅ​ក្នុ​ងផ្ទះកូនៗ​​របស់​លោក ណាជីប រួចបើកយក​ចំណីអាហារមួយ​ចំនួន​ចេញពី​ទូរទឹកកក មកបរិភោគ​ដោយ​សេរី និងទាមទារ​ឲ្យ​ម្ចាស់​ផ្ទះរៀបចំ​ចំណី​សម្រាប់ទទួល​ពួកគេ​ពេលចុះឆែកឆេរផ្ទះ​ថែមទៀតផង។ ទង្វើនេះ​​ត្រូវបាន លោក ណាជីប ចោទថា​​ជាការ​រើសអើង​​បំផុត។

គួរបញ្ជាក់ថា ប៉ូលិសបានធ្វើការឆ្មក់ចូលឆែកឆេរខុនដូប្រណិត នៅក្នុងសង្កាត់ Jalan Raja Chulan នៃទីក្រុងគូឡាឡាំពួ កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីធ្វើការស៊ើបអង្កេត ករណីចោទប្រកាន់នៃអំពើពុលរលួយរបស់ លោក ណាជីប និងក្រុមគ្រួសារ ជាពិសេសគឺប្រពន្ធ​របស់លោក​ផ្ទាល់តែម្តង។ ប៉ុន្តែខុនដូប្រណិតទាំងពីរនេះ គឺមួយសម្រាប់កូនប្រុសលោក និងមួយទៀតសម្រាប់កូនស្រីលោកស្នាក់នៅ។

សម្រាប់ការចុះ​ទៅទីតាំងខុនដូរបស់​ក្រុមគ្រួសារខាង​លើនេះ ត្រូវបាន​ប៉ូលិសម៉ាឡេស៊ី​អះអាងថា បានរកឃើញកាបូប​ផ្ទុកលុយ​ទាំងគីបៗ និងគ្រឿងអលង្កា​ជាច្រើនទៀតផង​ដែរដែលពាក់ព័ន្ធ​នឹងការស៊ើបអង្កេត​ទាំងមូល។ ជុំវិញបញ្ហា​នេះ លោក ណាជីប បានសម្តែង​ការខកចិត្តនឹង​តក់ស្លុតជាខ្លាំង ដោយលោក​បានអះអាងថា សូម្បីតែ​ស្បែកជើង និងខោអាវ​មួយចំនួន​របស់ចៅ​លោក ក៏ត្រូវបានរឹបអូស​យក​ទៅដែរ៕