(ប៉េកាំង)៖ ក្រុមហ៊ុន​បច្ចេកវិទ្យាចិន វីសិនណក់ (Visionox) បានចាប់ដំណើរ​ការរោងចក្រ​​ដំបូង ដែលផលិត​កញ្ចក់​ប្រភេទ AMOLED ប្រកប​ដោយ​​ភាព​បត់​បែន​ខ្ពស់​​​ជំនាន់ទី​ ៦ ​​របស់​ខ្លួន​​នៅ​​ក្នុង​ស្រុកគូអាន (Gu'an) នៃខេត្ត​ហេបៃ (Hebei) ភាគខាងជើង​ប្រទេស​ចិន។ នេះ​បើ​តាម​​ការចេញផ្សាយដោយ​ ​ទីភ្នាក់​ងារ​​ព័ត៌​មាន​​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​សៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។

រោងចក្រខាងលើ​ស្ថិតនៅក្នុងទីក្រុង​ឧស្សាហកម្មថ្មី គូអាន (Gu'an) ដែល​គ្រប់គ្រងប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែនដី CFLD របស់​ប្រទេស​ចិន​។ សម្រាប់សមត្ថភាព​ផលិត​​របស់រោង​ចក្រ​នេះវិញ គឺ​បន្ទះកញ្ចក់​ចំនួន ៣០,០០០​ផ្ទាំង ក្នុងមួយខែ​ដើម្បីអាចឆ្លើយតប​តាមតម្រូវ​របស់​​​​​​ស្មាត​ហ្វូន​ជិត ១០០លាន​គ្រឿង ដែលទាមទារ​ឲ្យមានអេក្រង់​គុណភាព​ល្អ។

គួរជម្រាបថា កាលពីមុនៗ​ក្រុមហ៊ុននានារបស់​ប្រទេសចិន តែងតែមានការ​ពឹងផ្អែកធំធេង ទៅលើការនាំចូល​ផលិត​ផល​អេក្រង់​ ​ដែលមាន​គុណភាព​​ខ្ពស់​ពី​ក្រៅ​ប្រទេស រួមមានកញ្ចក់​​ប្រភេទ​កោង និងអាចបត់បានជាដើម ហើយមាន​តែកូរ៉េខាងត្បូង និងជប៉ុន​ប៉ុណ្ណោះ ដែលមានបច្ចេកទេស​ខ្ពស់ក្នុងការផលិត​អេក្រង់នៅ​លើលោក៕