(សាន់ហ្រ្វាន់​ស៊ីស្កូ)៖ ក្រុមហ៊ុនផលិត​យន្តហោះ​អាមេរិក Boeing បានប្រកាស​ពីឆន្ទៈក្នុងការផ្តល់​ជំនួយ​ផ្នែកបច្ចេកទេស (ការស្វែង​រកប្រអប់ខ្មៅ និង​ការ​ស្រាវជ្រាវ​មូលហេតុ​ធ្លាក់)​ ដល់ប្រទេស​​គុយបា​ ​ក្រោយ​ហេតុការណ៍​ធ្លាក់យន្តហោះ​ដ៏រន្ធត់​ ដែលបានផ្តាច់ជីវិត​មនុស្សប្រមាណ ១០១នាក់។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។

Boeing បានឲ្យដឹង​នៅក្នុងសេចក្តី​ថ្លែងការណ៍​របស់ខ្លួនថា ក្រុមការងារ​បច្ចេកទេសរបស់​ក្រុមហ៊ុន បានត្រៀម​លក្ខណៈរួច​​ស្រេច ដើម្បីជួយ​​​​តាមតែ​អាចធ្វើ​ទៅបាន ក្រោមច្បាប់របស់​សហរដ្ឋអាមេរិក និងតាមការ​ចង្អុលបង្ហាញ​ពី​សំណាក់​ស្ថាប័ន​សុត្ថិភាព​ដឹកជញ្ជូនជាតិ​អាមេរិក ព្រម​ទាំងអាជ្ញាធរ​ប្រទេស​គុយបា។ ជាមួយគ្នា​នេះ ក្រុមហ៊ុន Boeing ក៏បានឆ្លៀត​ឱកាសចូល​រួមមរណទុក្ខ ដល់​ក្រុម​គ្រួសារ​​សាច់ញាតិ​ និង​មិត្តភក្តិ​នៃ​ជនរង​គ្រោះ ដែលបានជួប​គ្រោះនៅក្នុងជើង​ហោះហើរ ៩៧២ ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Global Air​ របស់​​ម៉ិចស៊ីកូ​ ដែលជួល​ដោយ​​គុយបា នៅក្បែរ​រដ្ឋធានី​ឡាហាវ៉ាន់​​ផងដែរ។

គួរជម្រាបថា មនុស្សជាង ១០០នាក់ ត្រូវគេជឿជាក់ថា បានបាត់​បង់ជីវិត ក្រោយពី​យន្តហោះ​​​ដឹកអ្នកដំណើរ​​ប្រភេទ Boeing 737-200 មាន​ផ្ទុក​​​មនុស្ស​សរុប ១០៤នាក់ បានធ្លាក់ក្រោយពី​បានហោះហើរ ចាក​ចេញពីព្រលាន​យន្តហោះ​អន្តរជាតិ Jose Marti នៃទីក្រុង​ឡាហាវ៉ាន់។ ​​​ក្នុង​នោះ​អ្នកទាំងនោះ​មនុស្ស ០៤នាក់ ​ដែលរងរបួសធ្ងន់ ត្រូវគេអះអាងថា បាននៅមានជីវិត​ក្រោយគ្រោះថ្នាក់នេះ ប៉ុន្តែម្នាក់បានស្លាប់ នៅពេល​​បញ្ជូនទៅ​សង្រ្គោះនៅ​មន្ទីរពេទ្យ។ ដោយឡែកសម្រាប់​មូលហេតុ ដែលបង្កឲ្យ​មាន​សោកនាដកម្ម​ដ៏ធំនេះ ពុំទាន់ត្រូវបាន​ដឹងច្បាស់​នៅ​ឡើយ​ទេ៕