(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យមានការកំណែទម្រង់​ប្រព័ន្ធពន្ធនាគារ នៅទូទាំងសហរដ្ឋអាមេរិក​ ដោយលោកបានទទូចឲ្យសភាធ្វើយ៉ាងណា សម្រេចឲ្យបាននូវសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីយកមកឲ្យលោក​ធ្វើការចុះ​​ហត្ថ​លេខា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ​សៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងក្នុងកិច្ចប្រជុំមួយស្តីពីបញ្ហាប្រព័ន្ធពន្ធនាគារអាមេរិក នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានធ្វើការទាមទារដូច្នេះថា «បញ្ជូន​​សេចក្តី​ព្រាងច្បាប់ឲ្យមកដល់តុការិយាល័យរបស់ខ្ញុំ ខ្ញុំនឹងចុះហត្ថលេខាលើវាភ្លាម»។ លោកប្រធានាធិបតីអាមេរិក បានអំពាវនាវឲ្យមានកិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ស្តារឡើងវិញនូវនីតិរដ្ឋ, បង្កាកុំឲ្យមានឧក្រិដ្ឋជនដ៏គ្រោះថ្នាក់នៅលើដងផ្លូវក្នុងប្រទេស, និងជួយដល់ទណ្ឌិតនានា ទទួល​បានឱកាសជាលើកទីពីរនៅក្នុងឆាកជីវិតរបស់ពួកគេ។

គួរជម្រាបថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងបញ្ហានេះ កំពុងស្ថិត​ក្រោមការពិចារណា ក្នុងសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក ​​ដោយ​វា​​ផ្តោតភាគច្រើនទៅលើការលើកកម្ពស់ស្ថានភាពពន្ធនាគារ និងជួយអ្នកទោសទាំងឡាយត្រៀមលក្ខណៈ ​កសាងជីវិតសាជាថ្មី​នៅ​​ក្នុងសង្គម​រស់​នៅ។ សេចក្តីព្រាងនេះ ត្រូវបានអនុម័ត​ដោយ​គណៈកម្មាធិការយុត្តិធម៌នៃសភាតំណាងរាស្រ្តកាលពីសប្តាហ៍មុន ខណៈ​ការ​​បោះ​​​​ឆ្នោត​ពីសំណាក់សមាជិកនៃសភាជាន់ទាបរបស់អាមេរិកនេះ ត្រូវគេរំពឹងថានឹងប្រព្រឹត្តទៅនាសប្តាហ៍ក្រោយ។

ទោះបីជាប្រធានាធិបតីអាមេរិក មើលទៅហាក់បីដូចជាមានភាពសុទិដ្ឋិនិយមខ្ពស់ក៏ដោយក្តី គម្រោង​កែទម្រង់ពន្ធនាគារ​របស់​សេតវិមាន​ ទំនង​ជាមិនងាយនឹងឆ្លងផុតព្រឹទ្ធសភាអាមេរិកនោះឡើយ។ សម្រាប់បុគ្គលដែលដឹកនាំកិច្ចប្រឹងប្រែងនេះវិញ គឺលោក Jared Kushner ដែល​ជាកូនប្រសា​រ​ប្រុស និងជាទីប្រឹក្សាជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ ផ្ទាល់៕