(ឡាហាវ៉ាន់)៖ ប្រទេសគុយបាបាន​ប្រកាសជាផ្លូវការ​ អំពីការកាន់ទុក្ខ​ទូទាំងប្រទេស ចំនួនពីរថ្ងៃ ជូនដល់ជនរងគ្រោះទាំង ១០១នាក់ ដែលបាន​បាត់បង់ជីវិត​ក្នុងករណីធ្លាក់​យន្តហោះ​ដ៏គួរឲ្យរន្ធត់បំផុត នាថ្ងៃសុក្រ​សប្តាហ៍​នេះ (ពេលវេលា​នៅទីក្រុងឡាហាវ៉ាន់) ខណៈអ្នករងរបួសម្នាក់​ក្នុងចំណោម​មនុស្ស ​០៤នាក់ ដែលរង​របួសធ្ងន់​នោះ​​​បានស្លាប់​បាត់​ទៅហើយ។ នេះបើតាម​​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។

យន្តហោះដែល​ធ្លាក់នោះជា​ប្រភេទ Boeing 737-201 ហើយ​មិនទាន់​ដឹងពីមូលហេតុ​ច្បាស់​លាស់​នៃការធ្លាក់នៅឡើយ​​នោះទេ ដោយវា​កំពុងស្ថិត​នៅក្នុងការ​ស៊ើប​អង្កេត។ ដោយឡែក​ប្រធានាធិបតី​គុយបា លោក មីហ្គែល ឌីយ៉ាស់ ខាណែល (Miguel Diaz-Canel) បានទៅដល់​កន្លែងកើតហេតុ​ដោយផ្ទាល់ និងបានថ្លែង​តាមកញ្ចក់​ទូរទស្សន៍​ថា «នេះគឺជាព័ត៌មាន​មិនល្អ, ជនរងគ្រោះ​មានចំនួន​ច្រើនណាស់...»។

គួរបញ្ជាក់ថា យន្តហោះខាង​លើនេះមានគោលដៅ​ពីរដ្ឋធានីឡាហាវ៉ាន់ ឆ្ពោះ​ទៅកាន់​ទីក្រុង ហូលហ្គីន (Holguin) ដោយវា​ជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុន Damojh នៃប្រទេស​ម៉ិចស៊ីកូ និងត្រូវបានជួល​ដោយក្រុមហ៊ុន​អាកាសចរណ៍​គុយបា៕