(ហ្សាការតា)៖ ក្រុមរដ្ឋអាជ្ញា​ឥណ្ឌូណេស៊ី​នាថ្ងៃសុក្រនេះ បានដាក់សំណើ​ទាមទារឲ្យ​​មានការផ្តន្ទាទោស​​ប្រហារជីវិត ទៅលើ​បុព្វជិត​ជ្រុល​​​និយមមួយរូប ជា​មេក្រុម​សកម្មប្រយុទ្ធ​មួយ​ដែលទទួលឥទ្ធិពល​​ពី​ពួក ISIS និងមានជាប់ពាក់ព័ន្ធ​ក្នុងករណី​វាយ​ប្រហារ​​​យ៉ាង​កក្រើក​ជា​​បន្ត​បន្ទាប់ នៅក្នុង​ប្រទេស​​អាស៊ាន​មួយនេះ ដែលបានផ្តាច់ជីវិត​មនុស្ស​យ៉ាងតិចចំនួន ៣១នាក់។ នេះបើតាមការ​ដកស្រង់ការផ្សាយ​​ចេញ​ពី​ ទីភ្នាក់​ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី១៨​ ខែឧសភា ឆ្នាំ២០១៨។

ជនឈ្មោះ អាមែន អាប់ឌួរ៉ាហមែន (Aman Abdurrahman) ក៏ដូចជា​ឈ្មោះមួយទៀតថា Oman Rahman នោះ ត្រូវគេចាត់ទុកថា ជាមេដឹកនាំ​នៃក្រុម​​សកម្មប្រយុទ្ធ​ ហ្សាម៉ាអាហ៍ អានហ្សារុត ដូឡាហ៍ (Jamaah Ansharut Daulah) ឬ JAD ដែលសមាជិក​នៃក្រុមនេះ គឺជាជនដៃដល់​នៅក្នុងការប៉ុនប៉ង​ហែកគុក​ក្នុង​ស្ថានីយប៉ូលិស​មួយកន្លែង ព្រមទាំងការ​បំផ្ទុះគ្រាប់បែក​អត្តឃាត​នៅឯព្រះវិហារ​គ្រិស្ត ០៣កន្លែង រួមជាមួយទី​បញ្ជាការប៉ូលិស​មួយកន្លែង​ នៅក្នុងប្រទេស​ឥណ្ឌូណេស៊ី​ គិតចាប់​តាំងតែពីថ្ងៃសុក្រ​សប្តាហ៍​មុននេះមក។

គួរជម្រាបថា ជន Abdurrahman ដែល​ជាអ្នកគាំទ្រ​​មនោគមន៍វិជ្ជា​របស់ក្រុមភេរវករ ISIS នៅ​ឥណ្ឌួណេស៊ី បាន​ឡើង​សវ​នា​ការ​​នា​ថ្ងៃ​សុក្រ​នេះ ​​​ជុំវិញតួនាទី​របស់ជនរូបនេះ នៅក្នុងការបញ្ជាឲ្យ​មានការវាយប្រហារ​​អត្ត​ឃាត​ នៅឯរដ្ឋធានី​ហ្សាការតា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ដែលបានផ្តាច់​ជីវិតជនស៊ីវិល ០៤នាក់ និងជនបំផ្ទុះគ្រាប់​បែក​ផ្ទាល់​ចំនួន​ ០៤នាក់។ ​ជុំវិញ​សំណុំរឿងនេះ ក្រុមរដ្ឋអាជ្ញា​ឥណ្ឌូណេស៊ី​បានទាមទារ​ឲ្យអង្គចៅក្រម សម្រេចផ្តន្ទាទោស​ប្រហារជីវិតដល់​​បុគ្គលរូប​នេះ។ ម៉្យាង​វិញទៀត មន្រ្តីប៉ូលិស​​សរុបជាង ១០០នាក់ ក្នុង​នោះ​​មាន​មក​ពី​អង្គភាព​ប្រឆាំងភេរវកម្ម​ជាដើម ត្រូវបានដាក់​ពង្រាយ​ដើម្បីយាម​ការពារ​សវនាការនា​ថ្ងៃសុក្រ​នេះដែរ៕