(វ៉ាស៊ីនតោន)៖ ក្រោយពីបានព្រមានមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះ​លោក ដូណាល់ ត្រាំ ក៏ឆ្លៀតពេល​ធ្វើការព្រមានផ្សេង​មួយទៀត ទៅកាន់សមាជិក​នានានៃអង្គការ NATO ឲ្យបង់ប្រាក់​ជួយឧបត្ថម្ភ​អង្គការនេះ​ឲ្យបាន​ត្រឹមត្រូវ បើមិនដូច្នោះទេពួកគេ​នឹង​ជួប​បញ្ហា ជាពិសេស​​គឺ​អាល្លឺម៉ង់​ ដែលជាប្រទេស​សេដ្ឋកិច្ច​យក្សលំដាប់​លេខ ៤ លើ​លោក​នេះ​ផ្ទាល់​​តែម្តង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

ការថ្លែងបែប​ព្រមានរបស់​លោក ត្រាំ ខាងលើនេះបាន​ធ្វើឡើងនៅក្នុងជំនួប​រវាងលោក និងអគ្គលេខាធិការ​អង្គការ NATO លោក ចេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) នៅឯសេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន។ ទោះបីជាយ៉ាង​ណាក៏លោក ដូណាល់ ត្រាំ មិនបាន​បញ្ជាក់ថា ប្រទេសណាខ្លះ​ដែលនៅមិនទាន់បង់​លុយគ្រប់នោះ​ឡើយ ប៉ុន្តែលោក​បាន​អះអាងថា នៅក្នុងបញ្ជីគឺ​មានប្រទេសមួយចំនួន​ នៅមិនទាន់ចំណាយ​ថវិការបស់​ពួកគេដល់​កម្រិតដែលលោកចង់បាននោះឡើយ ក្នុងនោះ​លោក​ក៏​បានអំពាវនាវ​ត្រង់ៗ​ទៅអាល្លឺម៉ង់​ ឲ្យបំពេញកាតព្វកិច្ច​របស់​ឲ្យបាន​ពេញលេញ​ផងដែរ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានថ្លែងដូចខាង​លើនេះ គឺចង់សំដៅទៅដល់​បណ្តា​​​សមាជិក NATO ចំនួន ២០ប្រទេស ដែលភាគ​ច្រើនជាប្រទេសស្ថិតនៅក្នុង​សហភាពអឺរ៉ុបឲ្យមានការភ្ញាក់រឮកឡើងវិញ។ នេះមិនមែន​​ជារឿងថ្មីនោះឡើយ ដោយចាប់តាំ​ងពីលោកបាន​ជាប់​ឆ្នោត និងឡើងធ្វើ​ជាមេដឹកនាំ​អាមេរិកជាផ្លូវការកាលពី​ដើម​ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ តែងតែ​ទាម​ទារឲ្យប្រទេស​ជាសមាជិក NATO ចំណាយ​ថវិកា​បន្ថែម ដើម្បីទ្រទ្រង់​អង្គការ​យោធាធំ​ជាងគេលើ​លោកនេះ ដោយមិនត្រូវ​ឲ្យអាមេរិក​ចេញថវិកា​ច្រើន​តែឯង​នោះ​ឡើយ៕