(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្នើទាមទារ​​​ឲ្យ​កង​​កម្លាំង​យោធា​​ ផ្តល់ការជួយជ្រោម​ជ្រែងឲ្យអស់ពីលទ្ធ​ភាព​​ដល់ការកសាង​ ក៏ដូចជាអភិឌ្ឍន៍​សេដ្ឋកិច្ចប្រទេស​ជាតិ។ នេះបើតាម​សេចក្តីរាយការណ៍​របស់ ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារព័ត៌មាន KCNA លោក គីម ជុងអ៊ុន បានធ្វើការអំពាវនាវ​យ៉ាងដូច្នេះ នៅក្នុងឱកាស​បើកកិច្ចប្រជុំទ្រង់ទ្រាយធំ​មួយ របស់​គណៈកម្មការ​យោធាមជ្ឈិម​ នៃគណបក្សពលករ​កូរ៉េខាងជើង។ លោក គីម បានទទូចឲ្យ​យោធា​នៃ​ប្រទេសរបស់​លោក ចូលរួមខិតខំ​ថែរក្សា​ការពារ​និងធានាឲ្យ​បាននូវកិច្ច​ខិតខំប្រឹងប្រែង ដើម្បីអនុវត្តន៍​នូវការសម្រេច​​ចិត្ត ក្នុងការផ្តោត​សំខាន់​លើការកសាង​​សេដ្ឋកិច្ច តាមបែប​សង្គម​​​និយម​។​

គួរជម្រាបថា បើតាម KCNA នៅក្នុងកិច្ចប្រជុំ​ខាងលើ ក៏មានការជជែក​ពិភាក្សា និងសម្រេចចិត្ត​អំពីចំណាត់ការ​សំខាន់ៗ​មួយចំនួន ដើម្បី​បន្ត​ពង្រឹងវិស័យយោធា​​​របស់ប្រទេសកូរ៉េខាងជើង​ផងដែរ៕