(ហាណូយ)៖ ក្រោយពី​ការរឹបអូសម្ទេសក្រៀម និងម្ទេសកិន​ពីទីតាំងលក់ដូរចំនួន ០៥ នៅក្នុងប្រទេស​វៀតណាម សមត្ថកិច្ចបាន​បញ្ជាក់ថា ៣៦ភាគរយ ក្នុងចំណោមផលិត​ផលដែលត្រូវបានរឹបអូសនោះ គឺផ្ទុកទៅដោយសារ​ធាតុពុលកម្រិតខ្ពស់មួយ មានឈ្មោះថា អាផ្លាតុកស៊ីន (Aflatoxin) ដែលអាច​បង្ក​ឲ្យបរិភោគ​កើតជំងឺមហារីកបាន។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ស៊ីនហួរ នារសៀល​ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

ការរកឃើញខាងលើនេះ គឺក្រោយពីក្រុម​ជំនាញវៀតណាម បានចុះទៅកាន់​ទីតាំងលក់ដូរ​ចំនួន ១០កន្លែង នៅទីក្រុងហាណូយ, ខេត្តហ័រ, ដាណាង, ក្វាងណាម, ក្វាងង៉ៃ, ទីក្រុងហូជីមិញ, ខេត្តដុងថាប់, ដុងង៉ៃ, បារា, វង់តូ, និងខេត្តបិញភឿក ព្រមទាំងបាន​រឹបអូសគំរូផលិតផល​ម្ទេសចំនួន ២៦២កញ្ចប់ យកមក​ធ្វើការពិសោធន៍​តែម្តង ទើប​បានជា​រកឃើញថា ៣៦ភាគរយ​ ក្នុងចំណោម​​ផលិត​ទាំងអស់ មានផ្ទុកសារ​ធាតុ​ពុល​ដ៏គ្រោះថ្នាក់​បំផុត ​ដល់សុខភាព​​អ្នកបរិភោគ។

បើតាមរបាយការណ៍​ពីក្រសួងកិសកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម រាល់ផលិតផល​ដែលរកឃើញ​មានផ្ទុកសារធាតុពុល​ក្នុងកម្រិតខ្ពស់នោះ គឺសុទ្ធសឹងតែ​​ជាផលិតផល​ក្នុងស្រុកវៀតណាមផ្ទាល់តែម្តង ដែលភាគ​ច្រើនគឺត្រូវបានគេយក​ពីក្នុងផ្សារទំនើប នៃបណ្តាខេត្ត​ដូចបានរៀប​រាប់ខាង​លើនេះ។

គួរបញ្ជាក់ថា សារធាតុពុល​ក្នុងផលិតខាង​លើនេះ គឺត្រូវបានក្រុម​ជំនាញវៀតណាម​អះអាងថា បានកើតមានឡើង​ក៏ព្រោះតែការផលិត​ដោយគ្មាន​អនាម័យ និងវេចខ្ចប់មិនបានត្រឹមត្រូវ ដែលធ្វើឲ្យ​មេរោគបង្កប់​ក្នុងនោះ ហើយកើនឡើងបាន​យ៉ាង​ងាយ។ បច្ចុប្បន្ន​ផលិតពោត សណ្តែក និងកសិផល​​ជាច្រើនមុខទៀត ក៏កំពុងស្ថិត​នៅក្នុងការពិសោធន៍​ផងដែរ៕