(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរ​សុខាភិបាល​ នៃសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ​បានឱ្យដឹងថា ជំងឺ អ៊ីបូឡា (Ebola) បាននិងកំពុងរាតត្បាត​ជាថ្មី ចេញពីតំបន់ជនបទ​ទៅកាន់ទីក្រុង​មួយ ដែលនេះបាន​បណ្ដាលឱ្យមាន​ការព្រួយបារម្ភថា វានឹងពិបាក​គ្រប់គ្រង ខណៈមនុស្ស ២៣នាក់ ទៅហើយត្រូវបាន​គេរាយការណ៍ថា បានស្លាប់៕

២៖ កូរ៉េខាងជើង​នៅថ្ងៃព្រហស្បតិ៍​នេះ បានបញ្ជាក់​ឡើងវិញពីការជំទាស់​របស់ខ្លួន​យ៉ាងម៉ឺងម៉ាត់ ចំពោះការ​ធ្វើ​សមយុទ្ធយោធា​រវាងកូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក នៅតំបន់ឧបទ្វីបកូរ៉េ ដោយថែមទាំង​ក្រើនរំលឹកដែរថា ការធ្វើ​សមយុទ្ធ​យោធា និងកិច្ចសន្ទនា មិនអាចធ្វើឡើង​ព្រមគ្នាបាន​នោះទេ៕

៣៖ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ​បានឱ្យដឹងថា គ្រោះរញ្ជួយដី​កម្រិត ៥,៣រ៉ិចទ័រ បានវាយប្រហារ​លើខេត្តជីបា (Chiba) ស្ថិតនៅភាគ​​ខាងកើត​ទីក្រុងតូក្យូ ក្នុងតំបន់ កាន់តូ (Kanto) នៅម៉ោង ១២៖១២នាទី រសៀល (ម៉ោងនៅ​ក្នុងទីក្រុងតូក្យូ)៕

៤៖ អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានរិះគន់យ៉ាង​ខ្លាំងនូវអ្វីដែលលោក​ផ្ទាល់ហៅថា ជាការកើន​ឡើងនៃវិបត្តិ​ក្រុមសីលធម៌ និងភាព​សុច្ចរិត នៅក្នុងជីវិត​ប្រជាជន​អាមេរិក៕

៥៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នឹងមិន​អនុញ្ញាត​ឱ្យខ្លួនឯង ត្រូវ​គេបណ្ដេញ​ចេញពី​តំណែង​នោះទេ ហើយក៏មិន​ឱ្យប្រទេស​របស់លោក​ ត្រឡប់ទៅរក​អតីតកាល​ដ៏ជូរចត់វិញដែរ៕

៦៖ ប៉ូលិសម៉ាឡេស៊ី​ជាច្រើននាក់បានចុះត្រួតពិនិត្យ ​ផ្ទះរបស់អតីតនាយករដ្ឋ​មន្ត្រីលោក ណាជីប រ៉ាហ្សាក់ តែមួយសប្ដាហ៍ ប៉ុណ្ណោះ បន្ទាប់ពីលោកចាញ់​នៅក្នុងការ​បោះឆ្នោត​សកល៕