(ស៊ីដនី)៖ អ្នកដំណើរ​ម្នាក់​ដែលខកជើងហោះ​ហើរ​ ត្រូវបានអាជ្ញាធរ​ឃាត់ខ្លួន នៅឯអាកាសយានដ្ឋាន​ទីក្រុងមែលប៊ឺន (Melbourne) ប្រទេស​​អូស្រ្តាលី នាថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបាន​ព្យាយាម​សម្រុកចូលទៅក្នុង​យន្តហោះ​ដឹកអ្នកដំណើរមួយ​គ្រឿង ​របស់ក្រុមហ៊ុន​អាកាសចរណ៍​ Jetstar។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

បើតាមរូបភាព និងឃ្លីប​វីដេអូបង្ហាញ​ពីហេតុការណ៍ខាងលើ បុរសដែល​ជាអ្នក​ដំណើរ​​មកយឺតពេល​រូបនេះ បាន​ប្រើដៃជើងវាយ​ផងដំបង និងព្យាយាម​ទាញ​​ទ្វារ​​របស់​យន្តហោះ ដើម្បីប៉ុនប៉ង​ចូលទៅ​ក្នុងនោះ។ យោងតាម​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុករបស់​អូស្រ្តាលី បុរសម្នាក់នោះ គឺបានខក​ជើង​​​ហោះហើរ​​របស់ខ្លួនដល់ទៅ ០១ម៉ោងឯណោះ ហើយក៏បានចាប់ផ្តើម​​ប្រកាន់​អាកប្បកិរិយាកោងកាច​​​ ទៅលើបុគ្គលិក​​អាកាសចរណ៍ Jetstar ថែមទៀត។

ដោយសារទប់កំហឹង​ពុំបានបែបនេះ បុរសខាងលើ​ក៏បាន​រត់ឆ្លង​កាត់​ច្រក​កន្លែងរង់ចាំ ហើយចេញទៅកាន់​​ទីធ្លាខាងក្រៅ ដើម្បីឡើងជណ្តើ​រ​ទៅលើយន្តហោះ។ បើតាមសាក្សី​បុរសរូបនោះ បានប្រតាយ​​ប្រតប់គ្នាជាមួយបុគ្គលិក​​អាកាសចរណ៍ Jetstar មុនត្រូវបាន​​រារាំងដោយបុគ្គ​លិក​ក្នុងអាកាស​យានដ្ឋាន និងត្រូវចាប់ឃាត់ខ្លួន​ដោយប៉ូលិស​តាមក្រោយ។ បុគ្គលិក​របស់ Jetstar ពីរនាក់ ត្រូវគេអះអាងថា បានរងរបួស។​

គួរជម្រាបថា អ្នកដំណើរ​ខាងលើត្រូវបានគេ​ដាក់បម្រាម មិនឲ្យធ្វើដំណើរ​តាមជើងហោះ​ហើរ​​​ណាមួយ របស់អាកាសចរណ៍ Jetstar ឬ Qantas ទៀតឡើយ ហើយក៏ត្រូវប្រឈមមុខ​នឹងការដាក់​ពាក្យប្តឹង​ផងដែរ៕​