(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយថា វាមិនច្បាស់​នោះទេ​ថា តើជំនួបដែល​គ្រប់គ្នាបាន និងកំពុង​ទន្ទឹង​រង់​​ចាំយ៉ាងអន្ទះសា​បំផុតនោះ រវាងរូបលោក​ហើយ និង​ប្រមុខដឹកនាំកំពូល​របស់​កូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងប្រព្រឹត្ត​ទៅដូចការ​គ្រោងទុក​ដែរ ឬយ៉ាងណា បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង បានព្រមាន​លុបចោលកិច្ចប្រជុំ​ជាប្រវត្តិសាស្រ្ត​នេះ។ នេះ​បើ​តាម​ការ​ដក​ស្រង់​​ការ​ផ្សាយ​ចេញ​​ពី ​ទីភ្នាក់​ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

ឆ្លើយទៅតប​នឹងសំណួរថា តើជំនួប​នៅថ្ងៃទី១២ ខែមិថុនា​របស់​លោកជាមួយ​លោក គីម នឹងអាចកើតឡើង​តាមការកំណត់​ដែរ ឬក៏អត់នោះ​លោក ដូណាល់ ត្រាំ បានប្រាប់​ក្រុមអ្នក​សារព័ត៌មានយ៉ាង​ដូច្នេះថា «យើងត្រូវតែរង់ចាំ​មើលថា តើវានឹងក្លាយជាដូចម្តេច​ ពីព្រោះថាយើង​​​​អត់បានទ​ទួលតំណឹង​អ្វីឡើយ»

គួរជម្រាបថា កាលពី​ម្សិលមិញ អនុរដ្ឋមន្រ្តីការ​បរទេសទីមួយ​របស់កូរ៉េខាងជើង លោក គីម គ្យេក្វាន (Kim Kye Gwan) បានថ្លែងថា ​ទីក្រុងព្យុងយ៉ាង​នឹង​ត្រូវ​តែគិតគូ​ពិចារណា​ឡើងវិញថា តើគួរតែទៅចូល​រួមកិច្ចប្រជុំកំពូល​នៅសិង្ហបុរី នាខែក្រោយនេះ​ដែរ ឬអត់ ប្រសិនបើ​សហរដ្ឋអាមេរិក​គ្មាន​អ្វី​ផ្សេង ក្រៅតែ​ពីចង់បង្ខំឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​អាវុធនុយក្លេអ៊ែរ​របស់ខ្លួន។ លោក Kim បាន​សង្កត់ធ្ងន់​ថា ការបញ្ចប់គោល​នយោបាយ​​ឈ្លានពាន ក៏ដូចជាការ​គំរាមកំហែង​ នៃអាវុធនុយ​ក្លេអ៊ែរ និងការបំភិតបំភ័យ​ពីសហរដ្ឋអាមេរិក​ប្រឆាំងនឹង​កូរ៉េខាងជើង គឺជា​លក្ខខណ្ឌ​​​សម្រាប់ការ​រំសាយអាវុធ​នុយក្លេអ៊ែរ ចេញពី​ឧបទ្វីប​កូរ៉េ។

សេចក្តីថ្លែងការណ៍របស់មន្រ្តីជាន់ខ្ពស់​កូរ៉េខាងជើងរូបនេះ ត្រូវបាន​ធ្វើឡើង បន្ទាប់សមយុទ្ធយោធា​ប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង ដែលមាន​ឈ្មោះថា Max Thunder បានចាប់ផ្តើម​ប្រព្រឹត្តទៅនៅ​លើទឹកដី​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី១១ ខែឧសភា។ សមយុទ្ធនេះ ក៏បាន​បង្កឲ្យ​ទីក្រុង​ព្យុងយ៉ាងសម្រេចផ្អាក​គម្រោងកិច្ចពិភាក្សា​កម្រិតខ្ពស់​ ជាមួយ​ទីក្រុង​សេអ៊ូល ដែលបានត្រៀមធ្វើឡើងកាល​ពីម្សិលមិញ​ផងដែរ៕