(សេអ៊ូល)៖ កូរ៉េខាងត្បូង​បានគ្រោងនឹងបន្ត​ការប្រឹក្សាយោបល់​ ជាមួយកូរ៉េខាងជើង សម្រាប់ការបើក​​កិច្ចពិភាក្សាកម្រិត​ខ្ពស់អន្តរកូរ៉េឡើង​​វិញ​​ឲ្យបានឆាប់​តាមតែអាច​ធ្វើទៅបាន។ នេះបើតាមប្រកាសពីវិមាន​ប្រធានាធិបតី (Blue House) របស់​កូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

​​កិច្ចប្រជុំគណៈកម្មាធិការ​អចិន្រ្តៃយ៍ ​នៃក្រុមប្រឹក្សា​សន្តិសុខជាតិ (NSC) របស់​វិមាន Blue House ដែលមាន​​លោក Chung Eui-yong ជា​ទីប្រឹក្សា​ជាន់ខ្ពស់​​ផ្នែកសន្តិសុខជាតិ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន ជាប្រធាន​នោះត្រូវបាន​ធ្វើឡើង ដើម្បីជែក​ពិភាក្សា​អំពី​​​​ចំណាត់​ការ​ឆ្លើយតប ចំពោះការសម្រេចផ្អាក​របស់​កូរ៉េខាងជើង លើកិច្ច​សន្ទនាកម្រិត​ខ្ពស់​អន្តរកូរ៉េ។

សមាជិក​របស់ NSC នៃ​វិមាន Blue House បានឯកភាព​ក្នុងការបន្តការពិគ្រោះ​ពិភាក្សាជាមួយ​កូរ៉េខាងជើង ដើម្បីបើក​កិច្ចសន្ទនា​កម្រិត​ខ្ពស់​អន្តរកូរ៉េ​ឡើងវិញ​ ឲ្យបានឆាប់រហ័សតាមធ្វើទៅបាន ហើយ NSC ក៏បានព្រមព្រៀង​​ជួយធ្វើការសម្រប​សម្រួល ​យ៉ាងជិតស្និទ្ធ​ជាមួយ​កូរ៉េ​ខាង​ជើង និង​សហរដ្ឋអាមេរិក ដើម្បី​ឲ្យកិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង-អាមេរិក ដែលគ្រោង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី នោះ​នឹង​ទទួល​បានជោគជ័យ​ផងដែរ។

គួរជម្រាបថា ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង​ពីដំបូងឡើយបាន​ព្រមព្រៀង​គ្នាបើកកិច្ច​ពិភាក្សា​កម្រិតខ្ពស់​ នាថ្ងៃពុធ​ម្សិលមិញ​នៅ​ភូមិ Panmunjom ប៉ុន្តែ​កូរ៉េខាងជើង​បានសម្រេច​លុបចោល ដោយសារតែ​ការធ្វើសមយុទ្ធយោធា​ផ្លូវអាកាស របស់កូរ៉េខាងត្បូង​ និងអាមេរិក៕