(វ៉ាស៊ីនតោន)៖ ក្នុងរយៈពេលត្រឹមតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាល​ចិន បានព្រមព្រៀង​​ផ្តល់ថវិកាប្រមាណ​កន្លះពាន់លាន​ដុល្លារ ទៅ​ក្នុងគម្រោងមួយ​នៅប្រទេស​ឥណ្ឌូណេស៊ី ដែលនឹងផ្តល់​អត្ថប្រយោជន៍ដោយ​ផ្ទាល់ដល់​លោក ដូណាល់ ត្រាំ នោះ ប្រធានាធិបតី​រូបនេះ បាន​ចេញបញ្ជា​ឲ្យផ្តល់ថវិកា​សង្រ្គោះជាបន្ទាន់ ដល់ក្រុមហ៊ុន​ផលិតទូរស័ព្ទ​​ ដែលគ្រប់គ្រងដោយ​រដ្ឋាភិបាល​ចិនវិញ។ នេះបើតាមការ​ដកស្រង់ការ​​ផ្សាយចេញពី​វែបសាយ Yahoo.com នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បានប្រកាស​នៅលើបណ្តាញសង្គម Twitter ថា «ប្រធានាធិបតី​ចិន ស៊ី ជិនពីង និងរូបខ្ញុំ កំពុងសហការគ្នា​ផ្គល់​មធ្យោ​បាយឲ្យក្រុមហ៊ុន​ផលិតទូរស័ព្ទចិន ZTE ធ្វើការស្រោចស្រង់​អាជីវកម្មឡើងវិញ​ឲ្យបានឆាប់។ ការងារច្រើន​កន្លែងពេកហើយ ត្រូវបានបាត់​បង់​នៅក្នុង​ប្រទេសចិន ហើយជុំវិញ​បញ្ហានេះ​ក្រសួងពាណិជ្ជកម្ម​អាមេរិក ត្រូវបានបង្គាប់​ឲ្យធ្វើការដោះស្រាយ​រឿងនេះ»

អ្វីដែលគេបាន​កត់សម្គាល់ឃើញ​នោះគឺ លោក ត្រាំ ពុំបាន​លើកឡើង​អំពីការដែល​​ក្រុមហ៊ុនជាដៃគូ​របស់អាណាចក្រ​ជំនួញ​ Trump Organization ដែលជា​អ្នកអភិវឌ្ឍន៍សួន​កម្សាន្ត (Theme Park) មួយនៅជាយ​ក្រុងហ្សាការតានោះ បានចុះកិច្ច​ព្រមព្រៀង​​ស្តីពីការ​ទទួលបានប្រាក់​កម្ចីហូតដល់ ៥០០លានដុល្លារ ពីរដ្ឋាភិបាល​ចិនឡើយ។ សួនកម្សាន្តក៏​ដូចជារមណីយដ្ឋាន​ ដែលរួមមានទីលាន​វាយ​កូនគោល និងសណ្ឋាគារ​នោះ នឹង​​ត្រូវ​បាន​ដាក់​ឈ្មោះ​លោក ដូណាល់ ត្រាំ។

ទោះបីជាកាលពី​អំឡុងយុទ្ធនាការ​បោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​អាមេរិក លោក ត្រាំ បានសន្យា​នឹងលែងលូកលាន់ក្នុងកិច្ចការ​ជំនួញ​នៃ​ក្រុមហ៊ុន Trump Organization របស់លោក​យ៉ាងណាក្តី មកទល់​ពេលនេះ​លោក​នៅតែមិនទាន់​​បានដកខ្លួនដាច់​ស្រេចទាំងស្រុង ចេញ​​អាណាចក្រ​ជំនួញដ៏ធំមហាសាល​នេះនៅឡើយទេ ហើយនៅតែបន្ត​ទទួលបានអត្ថប្រយោជន៍​ពីវាដដែល។

គួរជម្រាបថា ទំនាក់ទំនងនៃវិស័យពាណិជ្ជកម្ម​​រវាងសហរដ្ឋអាមេរិក និងចិន​នាពេល​កន្លងទៅនេះ បានជួបភាពរកាំ​រកូសខ្លាំង ដោយ​រដ្ឋ​បាល​​លោក ដូណាល់ ត្រាំ បានសម្រេច​បង្កើនពន្ធនាំចូល​លើទំនិញ​របស់ចិន ហើយបានព្រមាន​ដំឡើងឲ្យខ្លាំង​ថែមទៀត។ យ៉ាងណាមិញ ចាប់​តាំងពី​ពេលនោះមក សហរដ្ឋអាមេរិក ក៏បានបញ្ជូនប្រតិភូ​ទៅកាន់​ប្រទេសចិន ហើយរដ្ឋាភិបាល​ទីក្រុងប៉េកាំង ក៏បានទើបតែបាន​បញ្ជូន​មន្រ្តី​ជាន់ខ្ពស់​របស់ខ្លួន មកកាន់រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បីជជែក​ពិភាក្សាគ្នា ក្រោមគោល​បំណងបន្ធូរបន្ថយ​ភាពតានតឹង​ផងដែរ៕