(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារ​ជាតិ​អាមេរិក បានប្រកាស​ដាក់ទណ្ឌកម្មលើ​មេដឹកនាំក្រុម​ហេសប៊ូលឡា រួមទាំងបុគ្គល​ជាច្រើននាក់ និងក្រុមមួយក្នុងចំណោមនោះ ដែលទីក្រុង​វ៉ាស៊ីនតោន​ចាត់​ទុកថា ជាក្រុម​​ភេរវករគាំទ្រ​ដោយ​អ៊ីរ៉ង់។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន ចេញផ្សាយនៅថ្ងៃពុធ​សប្ដាហ៍នេះ ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បានអះអាងថា នេះគឺជាចាត់វិធានការ​សកម្មភាព​ចុងក្រោយ ក្រោមការចូល​រួមពីបណ្ដាប្រទេស​ជាសម្ព័ន្ធមិត្ត​ នៃតំបន់ឈូង​សមុទ្រ Gulf (អារ៉ាប៊ីសាអូឌីត បារ៉ែន គុយវ៉ែត អូម៉ង់ កាតា និងអេមីរ៉ាត់​អារ៉ាប់រួម)។

ទណ្ឌកម្មថ្មីនេះមាន​គោលដៅលើមេដឹកនាំ​ក្រុមហេសប៊ូលឡា លោក សាយយ៉េដ ហាសាន ណាស្រាលឡាហ៍ (Sayyed Hasan Nasrallah) និងអគ្គលេខាធិការរងរបស់​លោក គឺលោក ណេម ក្វាស៊ីម (Naim Qasim) ព្រមទាំង​បុគ្គល​បួនរូបផ្សេងទៀត និងក្រុមមួយ។ ម្យ៉ាងវិញ​ទៀត ផ្អែកលើ​ទណ្ឌកម្មនេះ រាល់ទ្រព្យសម្បត្តិ​របស់ពួកគេនៅ​សហរដ្ឋអាមេរិក ឬស្ថិតក្រោម​យុត្ថាធិការ​អាមេរិក នឹងត្រូវបាន​រាំងខ្ទប់ រីឯប្រជាជន​អាមេរិក​ទាំងអស់ មិនអាចធ្វើ​កិច្ចព្រមព្រៀង​ណាមួយ ជាមួយបុគ្គល​ទាំងនេះ​ជាដាច់​ខាត។

គួរជម្រាបថា នេះគឺជាការដាក់ទណ្ឌកម្ម​ថ្មីមួយប្រឆាំងនឹងផល​ប្រយោជន៍អ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត របស់ទីក្រុង​វ៉ាស៊ីនតោន បន្ទាប់ពីលោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដក​សហរដ្ឋអាមេរិក​ ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរកាលពី​ឆ្នាំ២០១៥៕