(គូឡាឡំាពួ)៖ ប៉ូលិសម៉ាឡេស៊ី​ជាច្រើននាក់បានចុះត្រួតពិនិត្យ ​ផ្ទះរបស់អតីតនាយករដ្ឋ​មន្ត្រីលោក ណាជីប រ៉ាហ្សាក់ តែមួយសប្ដាហ៍ ប៉ុណ្ណោះ បន្ទាប់ពីលោកចាញ់​នៅក្នុងការ​បោះឆ្នោត​សកល។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក រថយន្ដប៉ូលិស​ជាច្រើនគ្រឿង ត្រូវបានគេឃើញ​នៅព័ទ្ធជុំវិញផ្ទះ​របស់លោក ណាជីប កាលពីយប់​ថ្ងៃពុធ។ រីឯការធ្វើសកម្មភាព​របស់ប៉ូលិសម៉ាឡេស៊ី​នៅពេលនេះ កើតមានឡើង​ក្រោយនាយករដ្ឋ​មន្ត្រីថ្មី លោក មហាធៀ មហាម៉េដ បានសន្យាថា លោកនឹងបើក​ការស៊ើបអង្កេត​ឡើងវិញ លើសំណុំរឿង​ពុករលួយពាក់ព័ន្ធ​នឹងលោក ណាជីប ដែល​ធ្លាប់ជាសម្ព័ន្ធមិត្តរបស់លោក។ ប៉ុន្តែ​លោក ណាជីប បានបដិសេធថា មិនបានប្រព្រឹត្ត​ទោសកំហុស​អ្វីទាំងអស់ ខណៈរូបលោកកំពុង ស្ថិតនៅក្រោមការហាមឃាត់​ក្នុងការចាកចេញ​ពីប្រទេស។

គួរបញ្ជាក់ថា ប៉ូលិសម៉ាឡេស៊ី​បានទទួលស្គាល់​ថា ខ្លួនពិតជាបាន​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិរបស់លោក ណាជីប ប្រាកដមែន តែមិនបាន​ឱ្យដឹងអ្វីលម្អិត​នោះទេ។ លោក ណាជីប រ៉ាក់ហ្សាក់ ត្រូវបានគេ​ចោទប្រកាន់​ថា បានកិបកេង​លុយជាង ៧០០លានដុល្លារ ពីមូលនិធិ រដ្ឋ​ 1Malaysia Development Berhad (1MDB) ដែលលោក​ផ្ទាល់បង្កើតឡើង​កាលពី​ឆ្នាំ២០០៩ ហើយវាក៏ជា​មូលហេតុ​មួយធ្វើឱ្យ ប្រជាជនម៉ាឡេស៊ី​បាត់បង់ទំនុកចិត្ត​លើរូបលោក​ផងដែរ៕