(ម៉ូស្គូ)៖ កងទ័ពស៊ីរី​បានតម្លើង និងដាក់ឱ្យដំណើរការហើយនូវ​ប្រព័ន្ធមីស៊ីល​ថ្មីមួយ នៅតាមជាយ​ក្រុង​ដាម៉ាស់ ក្រោយមាន​ការវាយប្រហារជាបន្ត​បន្ទាប់ ពីកងយន្តហោះ​អ៊ីស្រាអែល។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik​ នៅល្ងាចថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

ប្រព័ន្ធមីស៊ីលថ្មី​នេះឈ្មោះថា Golan-1000 គឺចង់សំដៅ​លើតំបន់ Golan ដែលត្រូវបាន​អ៊ីស្រាអែលដណ្ដើម​យកទៅកាន់កាប់ នៅ​អំឡុង​ឆ្នាំ១៩៦៧ ក្នុងសង្រ្គាម ០៦ថ្ងៃ ជាមួយបណ្តា​ប្រទេស​អារ៉ាប់។ Golan-1000 ត្រូវដាក់ឱ្យ​ដំណើរការ និងស្ថិតនៅ​ក្រោមការ​គ្រប់គ្រង របស់កងពលធំ​រថក្រោះលេខ ០៤ នៃកងទ័ព​ស៊ីរី ហើយវាត្រូវ​បំពាក់លើ​រថក្រោះ T-72។ ប្រព័ន្ធមីស៊ីលនេះ​មានគ្រាប់មីស៊ីល​ចំនួន០៣ ក្នុងនោះ​មីស៊ីលមួយគ្រាប់​មានប្រវែង ៥០០មីលីម៉ែត្រ និងទម្ងន់ ៥០០គីឡូក្រាម។

គួរជម្រាបថា ការតម្លើងប្រព័ន្ធ​មីស៊ីល Golan-1000 របស់​កងទ័ព​ស៊ីរី កើតមានឡើង​នៅចំពេលអ៊ីស្រាអែល ​កំពុងបង្កើនសកម្មភាព​យោធានៅស៊ីរី តាមរយៈការ​វាយប្រហារតាមផ្លូវអាកាស​ លើក្រុមអ្នក​ប្រយុទ្ធអ៊ីរ៉ង់ និងកងកម្លាំង​ស្ម័គ្រស្មោះ​នឹងប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកជំនាញ​ខ្លះក៏យល់ដែរថា ស៊ីរី បាននិងកំពុងក្លាយ​ជាកន្លែងដណ្ដើម​ឥទ្ធិពល​ នៅតំបន់​មជ្ឈិមបូព៌ា​រវាង​សហរដ្ឋអាមេរិក និងរុស្ស៊ី៕