(អង់ការ៉ា)៖ សង្រ្គាម​ពាក្យសម្ដី​រវាងប្រធានាធិបតី​តួកគី​ លោក រេសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) និងនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចាប់​ផ្ដើមផ្ទុះ​កក្រើកឡើង នៅលើបណ្ដាញទំនាក់ទំនង​សង្គម Twitter​ លាយឡំជាមួយពាក្យសម្តីឌឺដង​ដាក់គ្នា ពាក់ព័ន្ធនឹង​ទាហានអ៊ីស្រាអែល​ ធ្វើការសម្លាប់រង្គាលប្រជាជន​ប៉ាឡេស្ទីន ៦០នាក់ និងបង្ករបួសរាប់ពាន់នាក់ទៀត នៅដែល​ពួកគេនំាគ្នាធ្វើ​ការតវ៉ា​ប្រឆាំងនឹង​ការ​បើកស្ថាន​ទូតអាមេរិក​ក្នុងទីក្រុង​ហ្សេរុយសាឡឹម កាលពី​ថ្ងៃចន្ទ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Al Jazeera​ នៅរសៀលថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។​

ថ្លែង​នៅលើ Twitter​ លោក Netanyahu បាន​និយាយថា លោក Erdogan​ ដឹងយ៉ាងច្បាស់​ពីភេរវកម្ម និងការសម្លាប់​រង្គាល ពីព្រោះ​លោកគាំទ្រ​ក្រុមហាម៉ាស់​ប៉ាឡេស្ទីន (ដែលអ៊ីស្រាអែល​ចាត់ទុកថា ជាភេរវករ) ហើយការ​លើកឡើងរបស់​នាយរដ្ឋមន្ត្រីរូបនេះ​ គឺជាការ​ឆ្លើយតប​នឹង​លោក Erdogan ដែលបាន​ហៅអ៊ីស្រាអែល​ជារដ្ឋ​ភេរវករ និងប្រល័យពូជសាសន៍។

យ៉ាង​ណាមិញ ជាការ​ឆ្លើយតប លោក Erdogan ក៏បានបង្ហោះ​សារ​នៅលើ Twitter វិញ​ដែរថា លោក Netanyahu​ គឺជាមេដឹកនាំ​នៃរដ្ឋផ្ដាច់ការ​អាផាធេត (apartheid) ដែលបាន​គ្រប់គ្រងទឹកដីដោយគ្មាន​ការការពារ​ប្រជាជន និងរំលោភលើ​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​អស់រយៈ​ពេល ៦០ឆ្នាំ មកនេះ ព្រមទាំង​ចោទថា ការរិះគន់របស់​អ៊ីស្រាអែលមកលើ​តួកគី គឺគ្រាន់តែដើម្បី​បង្វែរការចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ។

លើសពីនេះ​ទៅទៀត ក្រៅតែពីតម្លើង​សសៃកដាក់គ្នា​នៅលើ Twitter មេដឹកនាំប្រទេស​ទាំងពីរ​ក៏បានសម្រេចចិត្ត​ បណ្ដេញមន្ត្រីទូត​ជាន់ខ្ពស់​រៀងៗខ្លួន។ ជាក់ស្ដែង​បើតាមក្រសួង​ការបរទេសអ៊ីស្រាអែល នៅព្រឹក​ថ្ងៃពុធនេះ តួកគីបាន​ប្រាប់អគ្គរដ្ឋទូត​អ៊ីស្រាអែល​ ឱ្យចាកចេញពី​តួកគីជាបណ្ដោះ​អាសន្ន​ជាហេតុ​ជម្រុញឱ្យអ៊ីស្រាអែល​បង្គាប់ឱ្យស្ថាន​កុងស៊ុល​ក្នុងទីក្រុងហ្សេរុយសាឡឹម​ ចាកចេញដោយ​មិនកំណត់​ពេលវេលា​ជាក់លាក់។

គួរបញ្ជាក់ថា នេះអាច​និយាយ​បានថា គឺជាជម្លោះការទូត​ដ៏អាក្រក់បំផុត គិតចាប់តាំង​ពីប្រទេសទាំងពីរ​កាត់ផ្ដាច់ចំណង​ការទូត កាលពី​ឆ្នាំ២០១០ ក្រោយទាហាន​អ៊ីស្រាអែល បាញ់​ពន្លិចនាវាដឹកជំនួយ​មនុស្សធម៌​តួកគីមួយ​គ្រឿង ឆ្ពោះទៅតំបន់​ហ្កាហ្សាដោយ​ផ្ដាច់យក​ជីវិតជនជាតិ​តួកគី ១០នាក់។ ប៉ុន្តែរហូត​ដល់ឆ្នាំ២០១៦ ទើបប្រទេស​ទាំងពីរសម្រេចចិត្ត​ភ្ជាប់ទំនាក់ទំនង​ការទូតឡើង​វិញ៕