(សេអ៊ូល)៖ ការសម្រេចចិត្ត​របស់កូរ៉េខាងជើង​លុបចោលជំនួប​កំពូល ថ្នាក់​រដ្ឋមន្ត្រី​អន្តរកូរ៉េ​នៅថ្ងៃពុធនេះ គឺជារឿងគួរ​ឱ្យសោកស្ដាយ និងផ្ទុយពី​សេចក្ដីសម្រេចជាប្រវត្តិសាស្ត្រ​ដែលប្រកាសដោយ​មេដឹកនាំកូរ៉េទាំងពីរ​កាលពីចុង​ខែមេសា។ នេះបើតាម​ក្រសួងបង្រួប​បង្រួម​ជាតិ កូរ៉េខាងត្បូង​ដកស្រង់ដោយទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន អ្នកនាំពាក្យក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង លោក បេក តែយុន (Baik Tae-hyun) បាន​លើកឡើងដូច្នេះថា «ការសម្រេចចិត្ត​ឯកតោភាគី​របស់​កូរ៉េខាងជើង លុបចោល​ជំនួបកម្រិតខ្ពស់​រវាងកូរ៉េខាង​ទាំងពីរ ដោយសំអាង​លើ​សមយុទ្ធ យោធាប្រចាំឆ្នាំ​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង គឺជារឿងគួរឱ្យ​សោក​ស្ដាយ និងផ្ទុយពី​សេចក្ដីជា​ប្រវត្តិសាស្ត្រ Panmunjom ដែលប្រកាស​ដោយមេដឹកនាំ​កូរ៉េទាំងពីរកាលពី​ចុង​ខែមេសា»។ បន្ថែមពី​លើនេះ លោក Baik ក៏បានជំរុញ​ផងដែរឱ្យកូរ៉េខាងជើង​ ងាករកតុចរចាវិញ ហើយថា​សេចក្ដីថ្លែងការណ៍​ផ្លូវការមួយ ​នឹងត្រូវបញ្ជូន​ទៅកាន់កូរ៉េខាងជើង​នៅ​ថ្ងៃពុធនេះ។

គួររំលឹកថា កាលពីថ្ងៃអង្គារ​កូរ៉េខាងត្បូងបាន​អះអាងថា កូរ៉េខាងជើង បានស្នើឱ្យរៀបចំ​កិច្ចប្រជុំកម្រិតខ្ពស់មួយ​នៅថ្ងៃពុធនេះ។ ប៉ុន្តែ​នៅថ្ងៃពុធនេះ ទីក្រុងព្យុងយ៉ាង​ស្រាប់តែប្រកាសលុបចោល​ទៅវិញ ជាមួយនិងការ​ព្រមានលុបចោល​ជំនួបកំពូល​រវាងលោក ត្រាំ និងលោក គីម ទៀតផង ដោយសារតែ​សមយុទ្ធយោធា​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដែលកំពុង​ប្រព្រឹត្តទៅ​នៅលើទឹកដី កូរ៉េខាងត្បូង​ក្រោមការចូលរួមពី​យន្ដហោះ​ចម្បាំងជាង ១០០គ្រឿង។ សម្រាប់​កូរ៉េខាងជើង​ការធ្វើសមយុទ្ធរបៀបនេះ​ គឺប្រៀបបានទៅ នឹងសកម្មភាព​ត្រៀមឈ្លានពាន​ទីក្រុង​ព្យុងយ៉ាង៕