(សេអ៊ូល)៖ ជំនួបនាដើម​សប្តាហ៍ដែលត្រូវបាន​ធ្វើឡើងជាថ្មី​ម្តងទៀត រវាង​មេដឹកនាំចិន-កូរ៉េខាងជើង នឹងជួយលើក​ស្ទួយកិច្ចខិតខំប្រឹង​​ប្រែង​​ក្នុងការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​​ ព្រមទាំង​សន្តិភាព​នៅឧបទ្វីបកូរ៉េ។ នេះបើតាមការ​លើកឡើងរបស់​ក្រសួងបង្រួបបង្រួមជាតិ​កូរ៉េខាង​ត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​ក្រសួងការបង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង លោក បេក តែយុន (Baik Tae-hyun) ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃមួយបាននិយាយថា​ ជំនួបខាងលើ​បានកើត​មានឡើង ចំវេលាដ៏សំខាន់​បំផុតមួយ នៅពេលដែលតំបន់​ឧបទ្វីបកូរ៉េ កំពុងជួបប្រទះការប្រែប្រួលដ៏​ល្អប្រពៃ។ ​លោក Baik បានលើកឡើងថា ទំនាក់ទំនង និង​ការកសាង​ទំនុកចិត្ត​រវាងមេដឹកនាំនៃប្រទេស​សំខាន់ៗទាំងពីរនេះ នឹងជួយដល់ការ​សម្រេចបាន​នូវ​​ឧបទ្វីបកូរ៉េ ដែលគ្មាន​អាវុធនុយក្លេអ៊ែរ តាមរយៈរំសាយ​អាវុធប្រល័យ​លោកនេះ និងការកសាង​ដំណាក់កាលសន្តិភាព​រឹងមាំ និងអចិន្រ្តៃយ៍​​មួយ​នៅលើតំបន់នេះ។

គួរជម្រាបថា កាលពីថ្ងៃទី០៧ និងទី០៨ ខែឧសភា ឆ្នាំ២០១៨ លោក ស៊ី ជីនពីង និងលោក គីម ជុងអ៊ុន បានជួបពិភាក្សា​គ្នាជាថ្មីម្តងទៀត​នៅទីក្រុង Dalian នៃខេត្ត Liaoning ភាគឦសាន​ប្រទេសចិន ហើយវាគឺជា​កិច្ច​ជំនួបលើកទីពីរ​នៅក្នុងកំឡុងពេល​ ០២ខែចុងក្រោយនេះ និង​បានកើតមានឡើង​បន្ទាប់ពីកិច្ចប្រជុំអន្តរកូរ៉េ​រវាងលោក គីម និង​លោក មូន ជែអ៊ីន នៅថ្ងៃទី២៧ ខែមេសា តែនៅមុនកិច្ចប្រជុំ​កូរ៉េខាងជើង​-អាមេរិក រវាង​លោក គីម និងលោក ដូណាល់ ត្រាំ៕