(សេអ៊ូល)៖ កងកម្លាំងប៉ូលិសនៃប្រទេសកូរ៉េខាងត្បូង បានចូលទៅ​ឃាត់ទាន់​ពេលវេលា​ចំពោះក្រុម​សកម្មជនប្រឆាំង​មួយក្រុម ដែលកំពុងរៀបចំ​បង្ហោះបាឡុងផ្ទុក​ទៅដោយ​ខិតប័ណ្ណ​រិះគន់ និងតិះដៀល​របបដឹកនាំ​កូរ៉េខាងជើង ដែលការ​ហាមឃាត់នេះ គឺធ្វើ​ឡើងទៅតាម​អ្វីដែលមេដឹកនាំ​កូរ៉េទាំងពីរ គឺលោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានព្រមព្រៀងគ្នា​ក្នុងជំនួប​ជាប្រវត្តិសាស្ត្រ កាលពី​ថ្ងៃសុក្រសប្តាហ៍មុន នៅទឹកដី​ព្រំដែន​កូរ៉េខាងត្បូង។ នេះបើតាម​ការចេញផ្សាយ​ដោយ Channel News Asia ដកស្រង់​ពីបណ្តាញ AFP នាល្ងាច​ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។

នៅថ្ងៃសៅរ៍នេះ​​ក្រុមសកម្មជន​​ដែលមាន​​គ្នាជាង ២០នាក់ ដោយក្នុងនោះរួមមាន​ទាំងប្រជាជន​​កូរ៉េខាងជើង​ ​ដែលបាន​រត់ភៀសខ្លួន​ចូល​មកកាន់កូរ៉េខាងត្បូង​ផងដែរ បានប្រមូលផ្តុំគ្នា​នៅតំបន់ព្រំដែន​កូរ៉េខាងត្បូង​ នៃទីក្រុង Paju និងបានត្រៀម​បង្ហោះបាឡុងស្តុក​ខិតប័ណ្ណទៅហើយ ប៉ុន្តែប៉ូលិសប្រមាណ ៣០០នាក់ ត្រូវបាន​អាជ្ញាធរ​ដាក់ពង្រាយ និងហាមឃាត់​ទង្វើបំពានកិច្ចព្រៀមព្រៀងនេះតែម្តង។

គួរបញ្ជាក់​ថា នាដើមសប្តាហ៍​កន្លងទៅនេះ ក៏មានការដក​ឧបករណ៍បំពង​សំឡេង​​ទាំងខាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ដើម្បីស្រប​ទៅតាមកិច្ចព្រមព្រៀង​ ធ្វើឲ្យទំនាក់ទំនង​​បងប្អូន​កូរ៉េទាំងពីរ​ប្រសើរ​ឡើងវិញផងដែរ។ បន្ថែមពីនេះ​ទៀត លោក មូន ជែអ៊ីន ក៏នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​​ទៅកាន់​កូរ៉េខាងជើង ដូចដែល​លោកបានសន្យា​ចំពោះ​លោក គីម ជុងអ៊ុន នៅពេលវេលា​សម​ស្របណា​មួយ ប៉ុន្តែវា​ប្រហែលជាត្រូវរង់ចាំ​ដល់ជំនួប​រវាងលោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក សម្រេច​បានលទ្ធផល​ជាមុនសិន៕