(ម៉ាឡេស៊ី)៖ មេដឹកនាំវ័យ​ចំណាស់របស់​គណបក្សប្រឆាំង​នៅប្រទេស​ម៉ាឡេស៊ី គឺលោក មហាធា ម៉ូហាមេដ (Mahathir Mohamad) បានព្រលយ​ពាក្យសម្តី​ឌឺដង​ទៅកាន់​រដ្ឋាភិបាល​កាន់អំណាច ឲ្យប្តឹងចោទ​ប្រកាន់​មកលើខ្លួន ក្រោមច្បាប់​ប្រឆាំងព័ត៌មាន​ក្លែងក្លាយ ក្រោយពី​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​ថា ពួកគេកំពុង​បើកការស៊ើប​អង្កេត ទៅលើ​លោក Mahathir ជុំវិញការ​ភូតកុហក​ថា យន្តហោះ​របស់លោក​ត្រូវបានគេលួច​បំផ្លាញធ្វើឲ្យខូច​ នៅមុន​ការបោះឆ្នោត​​សាកល ដែលនឹង​ប្រព្រឹត្តទៅ​នាប៉ុន្មានថ្ងៃ​ខាងមុខ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ​ពី​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។

បច្ចុប្បន្នប្រទេស​ម៉ាឡេស៊ី កំពុងស្ថិតក្រោម​ស្ថានភាពនៃការបើក​យុទ្ធនាការ​ឃោសនា​​រក​សំឡេងឆ្នោត​យ៉ាងតានតឹង​បំផុត សម្រាប់ការ​បោះ​ឆ្នោតនៅ​ថ្ងៃទី០៩ ខែឧសភា ដែលនឹងតម្រូវ​ឲ្យនាយករដ្ឋមន្រ្តី​កាន់អំណាច លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ប្រកួតប្រជែង​ជាមួយ​លោក Mahathir វ័យ​​ ៩២ឆ្នាំ ដែលធ្លាប់​កាន់តួនាទី​ជានាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី។

ក្រុមសកម្មជន និងអ្នករិះគន់បានលើក​ឡើងថា ច្បាប់ថ្មីស្តីពីព័ត៌មាន​ក្លែងក្លាយនេះ មានគោលដៅ​គាបសង្កត់​លើសេរីភា​ព នៃការបញ្ចេញ​​យោបល់ និងមតិរិះគន់​ចំពោះលោក Najib ដែលកំពុងប្រឈម​នឹងរឿងអាស្រូវ​ពុករលួយ ពាក់ព័ន្ធនឹង​លុយរាប់រយ​លានដុល្លារ នៅក្រុមហ៊ុន​មូល​និធិរដ្ឋ 1Malaysia Development Barhad ហៅ​កាត់ថា 1MDB ព្រមទាំងការ​ខឹងសម្បាររបស់​មហាជន ជុំវិញការ​ត្រូវ​ចំណាយកាន់​​ច្រើន​ឡើងសម្រាប់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ។

គួរជម្រាបថា កាលពី​សប្តាហ៍មុន លោក Mahathir បានឲ្យដឹងថា រូបលោក​មានការសង្ស័យ​អំពីករណីលួចធ្វើឲ្យខូច​យន្តហោះ​ផ្ទាល់ខ្លួន ដែល​ត្រូវ​ជូនលោកធ្វើ​ដំណើរពីរដ្ឋធានី​គូឡាឡាំពួ ទៅកាន់​ប្រជុំកោះ ឡាំងកាវី (Langkawi) ជាទីដែលរូបលោក​ត្រូវដាក់សំណុំ​បែបបទឈរ​បោះឆ្នោត ​ក្រោយពី​អាកាសយានិក បានរកឃើញ​ចំណុចខូចខាត​មួយចំនួន​​នៅក្នុងយន្តហោះ នៅមុនពេលរៀប​នឹងចេញដំណើរ​ទៅហើយ។

ជុំវិញរឿងនេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បានចេញបញ្ជា​ឲ្យបើកការ​ស៊ើបអង្កេត ដែល​ក្រោយមក​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​​បានឲ្យដឹងថា ​លទ្ធផលនៃការស៊ើបអង្កេត ពុំបានរកឃើញ​មានសញ្ញា​ នៃទង្វើលួចបំផ្លិចបំផ្លាញ​នោះឡើយ ហើយប្រធាន​របស់ស្ថាប័ន​រដ្ឋាភិបាលនេះ​បាន​និយាយថា វាគឺជារឿង​ខុសឆ្គងមួយ​ក្នុងការបង្កើត​​រឿងភូតកុហក​​បែបនេះ ដើម្បីតែផល​ប្រយោជន៍​នយោបាយ។

ម៉្យាងវិញទៀត បញ្ជាការកំពូលនៃប៉ូលិសម៉ាឡេស៊ី លោក ម៉ូហាម៉េដ ហ្វូហ្ស៊ី ហារុន (Mohamad Fuzi Harun) បានប្រាប់ក្រុម​អ្នក​សារព័ត៌មាន ប៉ូលិសអាច​នឹងកោះហៅ​លោក Mahathir ឲ្យចូលមកធ្វើការ​បកស្រាយ​លម្អិត ពាក់ព័ន្ធនឹងករណី​ស៊ើបអង្កេត​ព័ត៌មានក្លែងក្លាយ ប្រសិនបើ​ចាំបាច់។

គួរបញ្ជាក់ថា ម៉ាឡេស៊ី​ស្ថិតក្នុងចំណោម​​ប្រទេសមួយចំនួន​តូចដំបូងគេ ដែលបាន​អនុម័តការត្រួតពិនិត្យ​ ក៏ដូចជាគ្រប់គ្រង​ព័ត៌មាន​ក្លែងក្លាយ​ឲ្យទៅជា​ច្បាប់ផ្លូវការ​របស់ប្រទេស៕