(អាមេរិក)៖ ស្ថាប័នអប់រំ​ផ្នែកខ្សែភាពយន្ត​ដ៏ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក បានប្រកាស​ពីការបណ្តេញ​​​លោក Bill Cosby និង លោក Roman Polanski ដែលម្នាក់​ជាតារា​កំប្លែង និងម្នាក់ជា​អ្នកដឹកនាំរឿង​ដ៏មានទេព​កោសល្យ ចេញពី​សមាជិកភាព​ខ្លួន ក្រោយពី​តារាជើង​​ចាស់​ទាំងពីរ​រូបនេះ បានជាប់ជំពាក់​ជំពិន​នឹងរឿងអាស្រូវ​ និងទោសទណ្ឌគួរ​ឲ្យស្អប់ខ្ពើម។ នេះបើតាម​​ការដកស្រង់​​ការផ្សាយ​ចេញ​ពី​ សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។

បើតាម​សេចក្តីថ្លែងការណ៍​របស់បណ្ឌិតសភា​ភាពយន្តអាមេរិក (The Academy of Motion Picture Arts and Sciences) ដែលជា​អ្នកបង្កើត​កម្មវិធីពានរង្វាន់​ក្នុងវិស័យខ្សែភាពយន្ត​ ដ៏ល្បីល្បាញ​បំផុតលើ​ពិភពលោក គឺ Academy Awards ឬ Oscars នោះ តារាកំប្លែង និងសម្តែង​ ​ព្រម​ទាំងអ្នកដឹង​នាំរឿងទាំងពីរ​រូបខាងលើ ត្រូវបានដក​ហូតសមាជិកភាព ដោយសារតែ​​​ក្រុមប្រឹក្សាភិបាល​នៃស្ថាប័ននេះ កំពុងបន្តលើក​កម្ពស់​​ស្តង់ដា​សីលធម៌ ដែលតម្រូវឲ្យ​សមាជិក​ទាំងអស់ ប្រកាន់ខ្ជាប់​នូវតម្លៃនៃ​ការគោរព ចំពោះសេចក្តី​ថ្លៃថ្នូររបស់​មនុស្សជាតិ។

គួរជម្រាបថា លោក Cosby បច្ចុប្បន្នមានវ័យ​៨០ឆ្នាំ ត្រូវបានគណៈវិនិច្ឆ័យ​ទោសរកឃើញថា ពិតជាមាន​កំហុសមែន​នៅ​ក្នុង​បទ​ចោទ​ប្រកាន​​ចំនួន ០៣ករណី​ ពាក់ព័ន្ធនឹងការរំលោភ​បំពានផ្លូវភេទ​ទៅលើ​អតីតកីឡាការិនី​បាល់បោះ​ឈ្មោះ Andrea Constand កាលពី​ឆ្នាំ២០០៤។ លោក Cosby កំពុងរង់ចាំ​ការកាត់ទោស និងត្រូវប្រឈមមុខ​ការជាប់ពន្ធនាគារ​រហូតដល់រយៈពេល ៣០ឆ្នាំ។

ចំណែកឯ​លោក Polanski វិញដែលធ្លាប់បាន​ប្រកួតប្រជែង​យកពានអូស្ការ​ដល់ទៅ ០៥លើក ហើយបានឈ្នះ​ពានរង្វាន់ដ៏មាន​កិត្តិយសនេះ ក្នុង​នាម​ជា​​​អ្នក​ដឹកនាំ​រឿងដ៏ល្អបំផុត កាលពី​ឆ្នាំ២០០២ សម្រាប់ខ្សែ​ភាពយន្ត The Pianist នោះ កាលពីចុង​​ទសវត្សរ៍ ៧០ បាន​ឆ្លើយ​ទទួល​​កំហុសចំពោះ​បទចោទប្រកាន់​ចំនួន ០៥ ដែលកើតឡើង​ពីការរួមភេទ​ជាមួយ​អនីតិជនកាល​ពីជំនាន់​នោះ។ លោក Polanski បានស្ថិត​នៅ​ក្នុង​មន្ទីរឃុំឃាំង​អស់រយៈពេល ៤២ថ្ងៃ កាលពី​ឆ្នាំ១៩៧៨ ប៉ុន្តែបាន​រត់គេចខ្លួន​ទៅកាន់ប្រទេស​បារាំង និងបានរស់​នៅដោយនិរទេស​ខ្លួន​រហូត​មកទល់ពេលបច្ចុប្បន្ន។​

គួររំលឹក​​បន្ថែមថា លោក Harvey Weinstein ដែលបានផ្ទុះ​រឿង​អាស្រូវ​កក្រើក​​ឧស្សាហកម្ម​ខ្សែយន្ត​អាមេរិក​​កាលពី​​ឆ្នាំមុន​​នោះ ក៏ត្រូវបាន​​​ស្ថាប័ន​ខាងលើ បោះឆ្នោត​​បណ្តេញ​ចេញ​ផលដែរ​កាលពី​​ខែតុលា ឆ្នាំ២០១៧ ដោយសារ​​រឿងអាស្រូវ​បៀតបៀន​ផ្លូវភេទ៕