(អាមេរិក)៖ ប្រសិនបើមនុស្ស​លោក​យើងចង់​ជៀសវៀង​​ពីការផុតពូជ​​ ដូចជាសត្វ​ដាយណូស័រ​នោះ យើងនឹងត្រូវតែចេះ​រៀនរស់នៅក្នុង​ទីអវ​កាស ហើយ​តាំងទីលំគ្រប់គ្រង​នៅលើភពដទៃ​ទៀត។ ប៉ុន្តែតើការរស់​នៅលើភពមួយ​ផ្សេងទៀត ពិត​ជាអាច​រក្សាទុក​នូវភាពដើម​របស់​​មនុស្ស​ ឬក៏បរិស្ថាន​ថ្មីមួយ នឹងជំរុញឲ្យពួក​យើងវិត្តន៍ខ្លួន​ទៅជាអ្វីផ្សេង។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ វែបសាយ Space.com នៅ​រសៀល​ថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។

នៅក្នុងវគ្គថ្មី​មួយ​នៃកម្មវីធី One Strange Rock របស់​ប៉ុស្តិ៍​ទូរទស្សន៍ National Geographic Channel ក្រុមតារាវិទូ​ចំនួន ០៨នាក់ បានពន្យល់ និងបកស្រាយ​អំពីមូល ថាតើហេតុអ្វីបានពួកគេគិតថា មនុស្សលោក​គួរតែធ្វើការ​គ្រប់គ្រង​នៅទី​អវកាស និងថា​តើការធ្វើ​ដូច្នោះ អាចប៉ះពាល់​ដល់រាយ​កាយ​របស់​យើងដោយ​រៀបណា។

រាយកាយ​របស់មនុស្ស ប្រឈមនឹងឧបសគ្គជាច្រើន នៅអំឡុងការធ្វើ​ដំណើរក្នុងទីអវកាស។ នៅឯស្ថានីយ​អន្តរជាតិ ISS ឆ្អឹងនិងសាច់ដុំរបស់​​អវកាស​យានិក មានការ​ចុះខ្សោយ ដោយសារតែ​​ពួកគេធ្វើចលនា​ នៅក្នុងស្ថានភាព​គ្មានទម្ងន់ ឬគ្មាន​ទំនាញ (Zero Gravity) អស់រយៈពេល​ជា​ច្រើនខែក្នុង​មួយលើកៗ។ ពីព្រោះតែរាងកាយ​របស់ពួកគេ​មិនបានទទួល​រងកម្លាំង​ទំនាញ សារធាតុរាវ​​ក្នុងរាងកាយ ​ក៏បានរត់បញ្ចាស់​​ឡើង​ទៅលើ ធ្វើឲ្យ​ចក្ខុវិញ្ញាណ​​ប្រែប្រួល ដែលពេលខ្លះគឺជារឿងអចិន្រ្តៃយ៍​តែម្តង។

រលកវិទ្យុសកម្ម​ដ៏មានឥទ្ធិពល Cosmic Radiation ពេលខ្លះបង្ក​ជាចំណុចពន្លឺតូចៗ នៅក្នុងកែវភ្នែក​របស់អវកាស​យានិក។ ក្នុង​ការបំពេញ​បេសកកម្មរយៈពេល​យូរនៅឯលំហ​អាកាសឆ្ងាយៗ វិទ្យុសកម្មថែម​ទាំងអាច​បំផ្លាញ DNA (វាផ្ទុក​ព័ត៌មាន​​នៃ​ហ្សែនមនុស្ស) ហើយ​បណ្តាល​​ឲ្យមានជំងឺមហារីក​ ឬខូចខួរក្បាល​ទៀតផង។

ការស្ថិតនៅក្នុង​បរិស្ថានដែលពុល​ និងគ្រោះថ្នាក់ ដើម្បីព្យាយាម​រក្សាពូជពង្សរបស់​មនុស្ស មើលទៅហាក់ដូចជា​​ទទួលបានផល​អវិជ្ជ​មាន​ច្រើនជាង ប៉ុន្តែប្រសិន​បើមនុស្សបង្កើត​វីធីសម្របខ្លួន​ដោយធម្មជាតិ ដើម្បីដោះស្រាយ​បញ្ហាវិទ្យុសកម្ម វាអាច​នឹងទៅរួច។ កម្មវិធី One Strange Rock បានលើក​ឡើងអំពី​​ Chernobyl ជាស្ថានីយ​ថាមពល​នុយក្លេអ៊ែរ នៅក្នុងប្រទេស​អ៊ុយក្រែន ដែលបានផ្ទុះ​កាលពី​​ឆ្នាំ​១៩៨៦។

ការលេចធ្លាយជាតិវិទ្យុសកម្ម នៅក្រោយការផ្ទុះដ៏កក្រើកនោះ បានផ្តាច់ជីវិត​មនុស្ស និងសត្វជាច្រើន ប៉ុន្តែ​ភាវៈ​មួយចំនួន បានសម្របខ្លួន​​​​នឹងវិទ្យុសកម្ម តាមរយៈការបង្កើត​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ ឲ្យកាន់តែច្រើន​បន្ថែម។ ដូចគ្នាដែរ មនុស្សត្រូវ​គេដឹងថា អាចសម្របខ្លួន​​​នឹង​ជាតិរិទ្យុសកម្ម​បាន នៅពេល​ដែលពួកគេ​ ធ្វើជាទូទៅជាមួយ​​ប្រព័ន្ធកាំ​រស្មីអ៊ិច (X-Ray)។​

ប្រសិនបើរាងកាយ​របស់យើង ពិតជាអាចសម្របខ្លួន​ទៅនឹងជាតិ​វិទ្យុសកម្ម ឬក៏មនុស្សលោក​អាចរក​វិធីសាស្រ្ត ដើម្បីការពារ​ខ្លួន​​ពីវានោះ យើងនៅតែមិន​អាចធានាបាន​មួយរយភាគរយ​ថា រាងកាយ​របស់យើង នឹងអាច​តស៊ូអត់ទ្រាំ​ ដើម្បីរស់នៅឆ្ងាយពី​ផែនដី បានឬអត់​ឡើយ​។ មនុស្សលោក និងភាវៈដទៃទៀត​នៅលើផែនដី​របស់យើង បានធ្វើ​ការវិវត្តន៍​និងលូតលាស់​យ៉ាងប្រសើរ នៅក្នុង​បរិស្ថានមួយ​ដែលនឹង​​ពិបាក​ក្នុងស្វែងរក​នៅន្លែងដទៃ​ទៀតក្នុង​ទីអវកាស។

គួរជម្រាបថា នេះពុំមែន​មានន័យថា ការតាំងទីលំនៅ​គ្រប់គ្រងលើភពដទៃ​ក្នុងទីអវកាស មិនអាចទៅរួច​ទាំងស្រុងនោះ​ឡើយ។ ដូចទៅនឹង​អ្វី​ដែល​ភាវៈទាំងអស់​របស់ផែនដី ធ្លាប់បានធ្វើ​អស់រយៈពេល​រាប់ពាន់លានឆ្នាំ​មកនេះ មនុស្សអាច​សម្របខ្លួននឹង​បរិស្ថានថ្មីៗ​បាន។ ប៉ុន្តែ​​ទោះ​បីជាយើង​អាចឆ្លងផុតដំណើរ​ផ្សងព្រេងនេះ ហើយធ្វើឲ្យ​កន្លែងថ្មីនោះ​ដូចទៅនឹង​ភពកំណើតរបស់​យើងអ៊ីចឹង ពួកយើង​​ប្រហែល​ជានៅតែ​មិនអាចជួយ​សង្រ្គោះពូជពង្ស​របស់យើង​បានដដែល ពីព្រោះថា​នៅពេលរស់​នៅទីនោះ យើងប្រហែល​ជាប្រែក្លាយ​ទៅជាអ្វីផ្សេង​ក៏ថា​​បាន​៕