(សេអ៊ូល)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួបពិភាក្សាការងារជាមួយ​សមភាគី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅមុនជំនួប​របស់លោកជា​មួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីស្វែងរក​កិច្ចព្រមព្រៀងមួយ​ ស្ដីពីការ​រំសាយអាវុធនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ។ នេះបើតាមសេតវិមាន ​ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។​

យោងតាម​​សេតវិមាន ទីប្រឹក្សាសន្តិសុខជាតិ​​អាមេរិក លោក ចច បូលតុន (John Bolton) បានពិភាក្សា​​ជាមួយសមភាគី​​កូរ៉េខាងត្បូង​​របស់​លោកគឺ លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) កាលពី​ថ្ងៃពុធ ហើយអ្នកទាំងពីរ​ក៏បានពិភាក្សាគ្នា​ផងដែរ ពីការរៀបចំ​ជំនួបមួយរវាង​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលអាចនឹង​ត្រូវធ្វើឡើងមុនជំនួបកំពូល​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង។ លោក មូន ជែអ៊ីន នឹងត្រូវជួប​ជាមួយ​លោក​ គីម នៅថ្ងៃសុក្រ​សប្ដាហ៍នេះ ខណៈលោក ត្រាំ អះអាងថា​លោកអាចនឹង​ជួបមេដឹកនាំទីក្រុង​ព្យុងយ៉ាង នៅចុង​ខែឧសភា ឬនៅដើម​ខែមិថុនា​នេះ។

គួររំលឹកថា កាលពី​សប្ដាហ៍មុន លោក​ មូន ជែអ៊ីន បាននិយាយថា កូរ៉េខាងជើងបាន​បង្ហាញពីការប្ដេជ្ញាចិត្ត​រំសាយ​អាវុធ​នុយក្លេអ៊ែរ របស់ខ្លួន​ទាំងស្រុង ហើយ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃសៅរ៍ ក៏បាន​អះអាងដែរថា ខ្លួននឹងបញ្ឈប់ការ​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល។ ប៉ុន្តែ​ទន្ទឹមគ្នា ទីក្រុង​វ៉ាស៊ីនតោន ក៏ប្រាប់កូរ៉េខាងជើង​ជាមុនដែរថា នឹងមិនមាន​ការបន្ធូរបន្ថយ ឬដកទណ្ឌកម្ម​ជាដាច់ខាត បើរបបដឹកនាំ​កុម្មុយនិស្ដ​មួយនេះ មិនបោះចោល​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង​ទេ​នោះ៕