(អាមេរិក)៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សរបស់​អាមេរិក Apple បានឲ្យដឹងថា ការខូចគ្រឿង​នៅក្នុង​កុំព្យូទ័រយួរដៃ​ម៉ូដែល MacBook Pro មួយ​ចំនួនបាន​បង្កឲ្យថ្មនៅក្នុង​ឧបករណ៍ទាំងនោះ រីកមាឌកើត​ចេញ​ជាបញ្ហា​ហើយខ្លួនបាន​បញ្ជាក់ថា នឹងផ្តល់ការផ្លាស់ប្តូរ​ថ្មថ្មីដល់ Laptop ទាំង​នោះដោយ​ឥតគិតថ្លៃ​នៅជុំវិញ​ពិភពលោក។ នេះបើតាម​​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែ​មេសា ឆ្នាំ២០១៨។

ជុំវិញរឿងនេះ ក្រុមហ៊ុន Apple បានគូស​បញ្ជាក់ថា កំហុសឆ្គង​ផ្នែក Hardware ខាង​លើនេះ ដែលត្រូវបាន​គេរាយការណ៍ថា​ កើតមាននៅ​ក្នុង​ Laptop ម៉ូដែល MacBook Pro មួយចំនួន ទំហំ ១៣អ៊ីញ និង​ពុំមានមុខងារ Touch Bar នោះ គឺមិនមែន​ជាបញ្ហាសុវត្ថិភាព​ឡើយ។ បើតាម​ការ​ឲ្យ​ដឹងរបស់ Apple កុំព្យូទ័រ​ដែលរងការប៉ះពាល់​ទាំងអស់ ត្រូវបានដំឡើង​កាលពីចន្លោះ​ខែតុលា ឆ្នាំ២០១៦ និងខែតុលា ឆ្នាំ២០១៧ ប៉ុន្តែមិន​មានការបញ្ជាក់ឲ្យច្បាស់ពី​ចំនួនពិតប្រាកដ នៃ MacBook ដែលមាន​បញ្ហា​នោះទេ។

គួរជម្រាបថា ក្រុមហ៊ុនដែល​ជាអ្នកផលិតស្មានហ្វូន​ដ៏ល្បីបំផុតលើ​ពិភពលោក iPhone នេះ នាពេល​កន្លងទៅ បានទទួលរងការរិះគន់យ៉ាង​ចាស់ដៃពីមហាជន ក្រោយពីខ្លួនបាន​ទទួលស្គាល់កាលពី​ខែធ្នូឆ្នាំមុនថា កម្មវិធីដែលប្រើប្រាស់​ជាមួយថ្មចាស់ៗ​ នៅក្នុងទូរស័ព្ទដៃ iPhone 6, iPhone 6s, និង iPhone SE អាចធ្វើ​ឲ្យស្មានហ្វូនម៉ូដែល​ទាំងនេះ​ដើរយឺត។ បន្ទាប់មក​ក្រុមហ៊ុន Apple ក៏បានចេញមុខសូម​អភ័យទោស និង​បានទម្លាក់​តម្លៃនៃការ​ផ្លាស់ប្តូរថ្មី សម្រាប់ម៉ូដែល​ដែលជួបបញ្ហាពី ៧៩ដុល្លារ មកនៅត្រឹម ២៩ដុល្លារវិញ៕