(តេហេរ៉ង់)៖ បន្ទាប់ពីបាន​លឺការប្រកូក​ប្រកាស​របស់​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល កាលពី​ថ្ងៃបុណ្យ​ឯករាជ្យ​ខួបទី ៧០ឆ្នាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ​ឲ្យអន្តរជាតិងើប​ឡើងប្រឆាំង​អ៊ីរ៉ង់នោះ កងកម្លាំង​ឆ្មាំការពារ​បដិវត្តន៍​អ៊ីរ៉ង់ (IRGC) បានព្រមាន​តបវិញនៅបន្ទាប់ថា «ដៃរបស់​ពួកយើង គឺស៊កនៅ​ជាប់កៃ (ឬប៊ូតុង) សម្រាប់បញ្ជា​មីស៊ីលរួច​ស្រេច​ហើយ ដោយគ្រាន់តែ​កេះវាប៉ុណ្ណោះ នោះគ្រាប់​មីស៊ីល នឹងហោះទៅ​ស្រោចលើមូលដ្ឋាន​ទ័ពអាកាសនានា នៅលើទឹក​អ៊ីស្រាអែល​តែម្តង»។ នេះបើតាម​ការចេញ​ផ្សាយដោយ Sputnik នាព្រឹក​ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។

ការប្រកាស​ក្តែងៗរបស់​អ៊ីរ៉ង់ខាងលើនេះ គឺក៏បានកើត​មានឡើងផងដែរ បន្ទាប់ពីផែនទី​នៃ​​មូលដ្ឋានទ័ព​ស៊ីរី ដែលគេចោទ​ថា​អ៊ីរ៉ង់ជាអ្នកគ្រប់គ្រង​នោះ ត្រូវបាន​សារព័ត៌មាន​​អ៊ីស្រាអែល​យកទៅធ្វើការផ្សព្វផ្សាយ កាលពីថ្ងៃ​ដើមសប្តាហ៍​នេះ​តែម្តង។ មេបញ្ជាការ​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ លោក​ឧត្តមសេនីយ ហូហ្សេន សាឡាមី (Hossein Salami) បានព្រមានថា «អ៊ីស្រាអែល​កំពុង​តែរស់នៅក្នុងមាត់​សត្វនាគហើយ ព្រោះថា​ពេលនេះ មូលដ្ឋានទ័ព​ដែលស្ថិតនៅ​ភាគ​ខាងជើង និងខាងលិច​អ៊ីស្រាអែល បានស្ថិត​នៅក្នុង​ទិសដៅ នៃគ្រាប់មីស៊ីល​យើង​ជាស្រេច»

គួរបញ្ជាក់ថា កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល ដែល​កំពុងជាប់ផុង​ក្នុងរឿង​អាស្រូវពុក​រលួយបានអះអាងថា «អ៊ីរ៉ង់គឺជា​សត្រូវ​របស់យើង​ទាំងអស់គ្នា ជាសត្រូវរបស់​អ៊ីស្រាអែល ពិភពអារ៉ាប់ និងអរិយ្យធម៌»។ លោកបាន​បន្តយ៉ាង​ដូច្នេះទៀតថា «អ៊ីរ៉ង់បាន​និយាយ​​ដោយចំហ ពីការបំផ្លាញ​អ៊ីស្រាអែល។ អ៊ីរ៉ង់កំពុង​ឡោមព័ទ្ធតំបន់​មជ្ឈិមបូព៌ា ហើយចង់​ក្រសោប​យកតំបន់នេះ​ទាំងមូល។ ពួកគេបានបាញ់​​គ្រាប់រ៉ុក្កែតលើ​ទីក្រុងរីយ៉ាដ និង​អារ៉ាប៊ីសាអូឌីត និងកំពុងគ្រប់គ្រង​ប្រទេសលីបង់ ព្រមទាំងដុត​បញ្ឆេះភាពតានតឹង​នៅក្នុងតំបន់ហ្គាសា និងអ៊ីរ៉ាក់។ ចំណែកឯនៅស៊ីរីវិញ ពួកគេកំពុង​ព្យាយាម​​បង្កើតមូលដ្ឋានទ័ព ដូច្នេះប្រទេស​​ស្រឡាញ់សន្តិភាព​ទាំងអស់​ គួរតែងើបឡើង​ប្រឆាំងនឹង​អ៊ីរ៉ង់»