(សាន់ហ្វ្រាន់ស៊ីស្កូ)៖ សិស្សានុសិស្ស​រាប់រយនាក់មកពី​សាលារៀននានា ក្នុងតំបន់ Bay Area ភាគខាងជើង​រដ្ឋកាលីហ្វញ៉ា បានប្រមូលផ្តុំគ្នា​​នា​ចុងសប្តាហ៍នេះ ដើម្បីប្រឆាំង​តវ៉ា​ចំពោះ​អំពើហិង្សា​ផ្សេងៗ ដែលបង្កឡើង​ដោយ​កាំភ្លើង និងបានអំពាវនាវ​ឲ្យមាន ការរឹតបន្តឹង​ច្បាប់​​ប្រើ​ប្រាស់អាវុធ​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។

កូនសិស្សទាំង​ឡាយខាងលើ បានទៅជួបជុំគ្នា​នៅខាងក្រៅ​សាលាក្រុង San Jose ដែលស្ថិតនៅ​ចម្ងាយប្រហែល​ជា ៧២គីឡូម៉ែត្រ​ភាគខាងត្បូង​ ទីប្រជុំជន​​នៃទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ដើម្បីសម្តែង​ការគោរព​ចំពោះមនុស្ស ១៣នាក់ ដែលត្រូវ​បានគេបាញ់​សម្លាប់​នៅ​ក្នុង​សាលាមធ្យម​សិក្សា ខូឡុំបាញ (Columbine) នារដ្ឋ ខូឡូរ៉ាដូ (Colorado) កាលពីឆ្នាំ១៩៩៩។

គួរជម្រាបថា សកម្មភាព​ប្រឆាំងតវ៉ានេះ ត្រូវបានធ្វើឡើង​ដើម្បីជាការគម្រប់​ខួប ១៩ឆ្នាំ នៃហេតុការណ៍បាញ់​សម្លាប់រង្គាល​នៅ​សា​លា​រៀន Columbine ដែលកាលនោះ​យុវជនពីរនាក់ បានធ្វើសកម្មភាព​បាញ់ប្រហារ​យ៉ាងកម្រោល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៩ ដោយ​ផ្តាច់​​ជីវិត​សិស្ស​ចំនួន ​១២នាក់ និងគ្រូបង្រៀន​ម្នាក់ ហើយបង្កឲ្យ​របួសមនុស្ស ២១នាក់ផ្សេងទៀត មុនពេលពួកគេ​ទាំងពីរធ្វើ​អត្ត​ឃាត​​ខ្លួន​ឯង​តាម​ក្រោយ​៕