(ហ្គាសា)៖ ជនជាតិ​ប៉ាឡេស្ទីនចំនួន ០៤នាក់បន្ថែម​ទៀតបាន​ស្លាប់ និងជាង ៤៥០នាក់​រងរបួស​នៅក្នុងការប៉ះទង្គិច​គ្នាដោយហិង្សា រវាងកងកម្លាំង​ការពារព្រំដែន​អ៊ីស្រាអែល និងក្រុមបាតុករ​ជនជាតិ​ប៉ាឡេស្ទីននៅ​តំបន់ហ្គាសា កាលពីថ្ងៃសុក្រម្សិលមិញ​នេះ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រសួង​សុខាភិបាល នៃក្រុម​ហាម៉ាស់-ប៉ាឡេស្ទីន ដែលគ្រប់គ្រង​នៅតំបន់ហ្គាសា គឺលោក អាស្រាហ្វ អាល់ កេដ្រា (Asharf al-Qedra) បានឲ្យ​ដឹងថា «ជនជាតិ​ប៉ាឡេស្ទី​ន​ដែលបាន​ស្លាប់ទាំង ០៤នាក់នោះ គឺសុទ្ធសឹងតែ​ជាបុរសដែល​មានវ័យចន្លោះពី ១៥ឆ្នាំ ទៅ ២៩ឆ្នាំ ដោយពួកគេ​ត្រូវបានកងទ័ព​អ៊ីស្រាអែល បាញ់សម្លាប់​នៅក្នុង​បាតុកម្ម តាមព្រំដែន​រវាង​តំបន់​ហ្គាសា និង​អ៊ីស្រាអែល»។

ដោយឡែក​មនុស្សរងរបួស​ចំនួនជាង ៤៥០នាក់​បន្ថែមនោះ គឺភាគច្រើន​ត្រូវបានទាហាន​អ៊ីស្រាអែលបាញ់​កាំភ្លើងចំ ដោយមួយ​ចំនួនស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ ជម្លោះ​ធ្ងន់ធ្ងរឡើង​វិញរវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល បានកើត​មានឡើងជាង ១ខែមក​ហើយ ដោយការ​បំផ្ទុះ​បាតុកម្ម​តែងតែត្រូវបាន​រៀបចំឡើង​នៅថ្ងៃសុក្រ រៀងរាល់​សប្តាហ៍។​

សរុបចំនួនមនុស្ស​ស្លាប់ ​ដែលសុទ្ធសឹងតែជាជនជាតិប៉ាឡេស្ទីនជាងមួយខែមកនេះ គឺមាន ៣៧នាក់ និងរបួសវិញជាង ៤,០០០នាក់ទៅហើយ ប៉ុន្តែអន្តរជាតិ​ហាក់ពុំទាន់មាន​ដំណោះ​ស្រាយអ្វី ឲ្យមាន​ប្រសិទ្ធភាព​ដើម្បីដោះស្រាយ​ជម្លោះដ៏ក្តៅគគុក​ខាងលើនេះ​ឡើយ៕