(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​បានប្រកាស​ស្វាគមន៍​ភ្លាមៗ ចំពោះការ​សម្រេចចិត្ត​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការផ្អាក​ធ្វើតេស្តអាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​ផ្លោង ព្រមទាំងការ​បិទទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ដ៏ធំមួយ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារ​នៅលើបណ្តាញ Twitter ថា «កូរ៉េខាងជើង​បានយល់ព្រមផ្អាក​រាល់ការធ្វើ​តេស្ត​​មីស៊ីល-នុយក្លេអ៊ែរ និងបិទមូលដ្ឋាន​ធ្វើតេស្តដ៏ធំមួយ​ថែមទៀតផង។ នេះគឺជាដំណឹង​ដ៏ល្អមែន​ទែន សម្រាប់​ប្រទេស​កូរ៉េខាងជើង​ផ្ទាល់ និង​ពិភពលោក​ទាំងមូល ដែលវាគឺ​ជាការវិវឌ្ឍស្ថានការណ៍​យ៉ាងរលូន​មួយ ហើយខ្ញុំកំពុង​ទន្ទឹងរង់ចាំ​កិច្ចប្រជុំកំពូល​របស់ពួក​យើង​»

ឆ្លើយតប​ទៅនឹងដំណឹង​ខាងលើ ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង បានចេញ​សេចក្តី​ថ្លែងការណ៍​មួយថា «ការសម្រេចចិត្ត​របស់​កូរ៉េ​ខាងជើង គឺជាវឌ្ឍនភាព​ដ៏មានអត្ថន័យ​ សម្រាប់ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ពីក្នុងតំបន់​ឧបទ្វីបកូរ៉េ ដោយវា​គឺជាអ្វីដែលពិភពលោក​តែងតែ​ប្រាថ្នា​ចង់បាន។ ម៉្យាងវិញ​ទៀត ទង្វើនេះនឹង​បង្កើតបរិយាកាស​យ៉ាង​វិជ្ជមាន សម្រាប់ភាព​ជោគជ័យនៃ​កិច្ចប្រជុំកំពូល​អន្តរកូរ៉េ និង​កូរ៉េខាង​ជើង-អាមេរិក ដែលនឹងប្រព្រឹត្ត​ទៅជាបន្តបន្ទាប់​នាពេលឆាប់ៗ​ខាង​មុខនេះ»

គួរជម្រាបថា បើតាមទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA ចាប់ពីថ្ងៃទី២១ ខែមេសានេះ​តទៅ កូរ៉េខាងជើង​នឹងផ្អាករាល់ការ​ធ្វើតេស្ត​​អាវុធនុយក្លេអ៊ែរ​ និងការបាញ់​សាកល្បង​មីស៊ីលផ្លោង។ បន្ថែម​ពីនេះ ទីក្រុង​ព្យុងយ៉ាង ក៏នឹងបិទទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ​មួយកន្លែង នៅ​តំបន់ភាគ​ខាងជើងប្រទេស​ផងដែរ ដើម្បីធានាពីតម្លាភាព​ក្នុងការផ្អាក​ការធ្វើតេស្ត​នុយក្លេអ៊ែរ៕