(បាងកក)៖ ចំនួនមនុស្សស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាលពីអំឡុង​រយៈពេលឈប់សម្រាក ០៧ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនៅឯ​ប្រទេសថៃ​បាន​កើនឡើងរហូតដល់ ៤១៨នាក់ នៅឆ្នាំ២០១៨នេះ។ នេះបើតាម​ការដកស្រ​ង់​ការផ្សាយ​ចេញពីកាសែតថៃ បាង​កកប៉ុស្តិ៍ នៅល្ងាចថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

បើតាមសេចក្តីប្រកាស​ពី មជ្ឈមណ្ឌលសុវត្ថិភាព​ចរាចរណ៍ថៃ នៅថ្ងៃពុធនេះ គិតចាប់ពីថ្ងៃទី១១ ដល់ទី១៧ ខែមេសា ឆ្នាំ២០១៨ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍សរុប ៣,៧២៤ករណី បានកើតមាន​ឡើងនៅទូទាំង​ព្រះរាជាណាចក្រ​ថៃ ដោយបានផ្តាច់អាយុ​ជីវិតមនុស្ស ៤១៨នាក់ និងបង្ក​ឲ្យ​របួស​ប្រមាណ ៣,៨៩៧នាក់ទៀត។

កាលពីថ្ងៃទី១៧ ខែមេសា តែឯងប៉ុណ្ណោះ ដែលជាថ្ងៃបញ្ចប់​ចុងក្រោយនៃបុណ្យ​សង្រ្កាន្តឆ្នាំថ្មីថៃ មនុស្សចំនួន ២៦នាក់​បានបាត់បង់ជីវិត និង ​៣៣៦នាក់​បានទទួលរងរបួស នៅក្នុងករណីគ្រោះ​ថ្នាក់ចរាចណ៍ ៣០៧ករណី នៅទូទាំង​ផ្ទៃប្រទេស ខណៈកត្តា​បើកបរដោយស្ថិត​ក្រោមឥទ្ធិ​ពល​នៃគ្រឿងស្រវឹង ត្រូវបាន​គេកំណត់ថា ជាមូលហេតុ​ចម្បង នៃគ្រោះថ្នាក់ចរាចរណ៍​ដ៏អាក្រក់ៗទាំងនេះ។

គួរជម្រាបថា កាលពីអំឡុង​បុណ្យសង្រ្កាន្តឆ្នាំមុន​របស់ប្រទេសថៃ មនុស្សចំនួន ៣៩០នាក់ បានស្លាប់​នៅលើ​ដងផ្លូវ និង ៣,៨០៨នាក់ផ្សេង​ទៀត បានរងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣,៦៩០ករណី នៅរយៈពេល ០៧ថ្ងៃ៕